សមាជិកសភាថៃគាំទ្រការសិក្សាបង្កើតកាស៊ីណូស្របច្បាប់

ថៃ៖​​ សភាជាន់ទាបប្រទេសថៃបានគាំទ្រការសិក្សាលទ្ធភាព បង្កើត កាស៊ីណូស្របច្បាប់នៅប្រទេសថៃ ក្នុងបុព្វហេតុបង្កើនចំណូលពន្ធ ទាក់ទាញទេសចរ និងក្នុងបំណងស្តារសេដ្ឋកិច្ចដែលជួបវិបត្តិដោយ សារកូវីដ១៩។
របាយការណ៍សិក្សានេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការពិសេសរបស់សភានឹងបញ្ជូនទៅខុទ្ទកាល័យសភាដើម្បីពិចារណា។សមាជិកសភាថៃ បានពិភាក្សាគ្នាលើរបាយការណ៍សិក្សានេះ ដែលគ្របដណ្តប់លើការប្រមូលចំណូលពន្ធនិងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់។

សមាជិកសភាជាច្រើនរូបបានស្នើឱ្យគណៈកម្មាធិការពង្រឹងរបាយការណ៍ជាមួយនឹងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញខុសច្បាប់ និងការលាងលុយកខ្វក់។

គណៈកម្មាធិការគ្រោងនឹងស្នើឱ្យរដ្ឋាភិបាល ធ្វើឱ្យស្របច្បាប់ កាស៊ីណូនៅក្នុងតំបន់ចំនួនប្រាំ ក្នុងគោលបំណងបង្កើន ប្រាក់ ចំណូលរដ្ឋពីការបង់ពន្ធ ដោយចូលរួមបង្ក្រាបល្បែងស៊ីសង ខុសច្បាប់។
ទីតាំងចំនួនប្រាំដែលថៃ កំណត់សម្រាប់កាស៊ីណូស្របច្បាប់រួមមាន ខាងជើងនៅខេត្តឈៀងរ៉ៃ ឬឈៀងម៉ៃ ខាងកើតនៅប៉ាតាយ៉ា ខាងត្បូងនៅខេត្តភូកេត ផាងង៉ា ឬ ក្រប៊ី ឦសានអ៊ូប៊ុន រ៉ាថានី អ៊ូដនថានី ឬ ខនខេន និងទីតាំងចុងក្រោយនៅបាងកក។
អនុប្រធានគណៈកម្មាធិការសភា លោក Phichet Cheumuangphan បានមានប្រសាសន៍ថា កាស៊ីណូចំនួន ប្រាំទូទាំងប្រទេសត្រូវតម្រូវឱ្យក្លាយជាទីតាំងលេងល្បែងស្របច្បាប់ រួមមានការលេងល្បែងស៊ីសងទាំងប្រពៃណី និងអន្តរជាតិ ព្រមទាំង លេងល្បែងតាមបណ្តាញអនឡាញផង។

ទោះជាយ៉ាងណា ការចូលទៅកាន់កាស៊ីណូថៃនឹងត្រូវដាក់កម្រិត ចំពោះ ជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេស។

សព្វថ្ងៃមានការលេងល្បែងស៊ីសងក្រៅច្បាប់នៅក្នុងប្រទេសថៃ ។អាជ្ញាធរថៃប៉ាន់ស្មានថាជារៀងរាល់ឆ្នាំពលរដ្ឋថៃចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលេងល្បែងខុសច្បាប់ទាំងកាស៊ីណូងងឹត និង ល្បែងអនឡាញ។អ្នកលេងល្បែងថៃសម្រុកចូលកាស៊ីណូតាមព្រំដែនប្រទេសជិតខាងដូចជា កម្ពុជា ឡាវ និងសិង្ហបុរី ដែលកាស៊ីណូដើរតួជាមេដែកសម្រាប់ ភ្ញៀវទេសចរបរទេស៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner