អង្គការសុខភាពពិភពលោក ស្នើចិនចេញផ្សាយទិន្នន័យ លម្អិត ពីកូវីដ-១៩

អន្តរជាតិ៖អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសចិន បន្តចេញផ្សាយព័ត៌មានអំពីរលកនៃការឆ្លងកូវីដ១៩ បន្ទាប់ពី រដ្ឋាភិបាល ចិនបានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា មានអ្នក ស្លាប់ជិតប្រាំមួយម៉ឺននាក់រាប់ចាប់តាំងពីដើមខែធ្នូមក។ទិន្នន័យ នេះ ត្រូវបានផ្សព្វផ្សាយបន្ទាប់ពីមានការត្អូញត្អែរ ជាច្រើនសប្តាហ៍ របស់ សហគមន៍អន្តរជាតិ ដែលថាចិនមិនបានចេញផ្សាយព័ត៌មាន ឱ្យពិភពលោកបានដឹងអំពីស្ថានភាពកូវីដ១៩ នៅក្នុងស្រុកចិន នោះ។

បើទោះបីជាមានការកើនឡើងនៃករណីឆ្លង និងមានអ្នកជំងឺពាស ពេញមន្ទីរពេទ្យក៏ដោយ ការប្រកាសកាលពីថ្ងៃសៅរ៍ គឺជាការ ចេញ ផ្សាយជាផ្លូវការលើកដំបូងហើយ ចាប់តាំងពីបក្សកុម្មុយនីស្តចិន បានលុបចោលវិធានការរឹតបន្តឹងកូវីដ១៩ កាលពីខែធ្នូ កន្លងទៅ។ ការណ៍នេះបានធ្វើឱ្យអង្គការសុខភាពពិភពលោក និងបណ្ដា ប្រទេសផ្សេងទៀតអំពាវនាវឱ្យចិនបន្តផ្ដល់ព័ត៌មានលម្អិតឱ្យបានកាន់តែច្រើន ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ប្រទេសមួយចំនួនទៀតកំពុងអនុវត្តវិធានការរឹតបន្តឹងទៅលើអ្នកទេស ចរដែលធ្វើដំណើរមកពីប្រទេសចិន។

យោងតាមការប្រកាសរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា មនុស្ស ចំនួន ៥.៥០៣ នាក់បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដែល បង្កឡើងដោយវីរុសកូវីដ១៩ ហើយមានអ្នកស្លាប់ចំនួន ៥៤.៤៣៥ នាក់ដោយសារជំងឺមហារីក ជំងឺបេះដូង និងជំងឺ ផ្សេងៗទៀត ដោយគិតចន្លោះពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា។

អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការចេញផ្សាយអំពី ស្ថានភាពកូវីដ១៩ ឱ្យបានទាន់ហេតុការណ៍ អាចអនុញ្ញាតឱ្យ មានការតាមដាន និងទទួលដំណឹងបានលឿនរហ័ស កាន់តែ ប្រសើរឡើងបន្ថែមទៀត នេះបើយោងទៅតាមការពិភាក្សាតាម ទូរស័ព្ទរវាងអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ជាមួយរដ្ឋមន្ត្រីក្រសួង សុខាភិបាលចិន លោក Ma Xiaowei។

យោងតាមប្រភពដដែលបានឱ្យដឹងថា អង្គការសុខភាពពិភព លោក ក៏បានស្នើសុំឱ្យចិនបន្តចែករំលែក និងផ្ដល់ព័ត៌មានលម្អិត ដល់អង្គការមួយនេះផ្ទាល់ និងសាធារណជនឱ្យបានដឹង ច្បាស់ផង ដែរ។

ដោយឡែកគណៈកម្មការសុខភាពជាតិបានថ្លែងថា មានតែការ ស្លាប់នៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូលទៅក្នុងតួលេខខាងលើ ដែលនេះមានន័យថា អ្នកជំងឺណាដែលស្លាប់នៅ ឯផ្ទះនឹងមិនត្រូវបានរាប់បញ្ចូលនោះទេ ហើយរដ្ឋាភិបាលចិន មិនបានផ្តល់ការចង្អុលបង្ហាញឱ្យបានជាក់លាក់នោះទេថា តើ ខ្លួននឹងចេញផ្សាយតួលេខបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅពេលណា។

មន្ត្រីសុខាភិបាលចិនមួយរូបបានលើកឡើងថា «ដំណាក់ កាល នៃគ្រាអាសន្នជាតិបានកន្លងផុតហើយ នេះបើយើងសង្កេតមើល ទៅលើការថយចុះរហូតដល់ទៅ ៨៣ភាគរយ នៃចំនួនអ្នកជំងឺ ដែលធ្វើដំណើរទៅព្យាបាលនៅគ្លីនិក ចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ»។

គួរដឹងដែរថា របាយការណ៍របស់រដ្ឋាភិបាលចិនខាងលើមាន ការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទ្វេដង គឺរហូតដល់ទៅ ១០.៧៧៥ នាក់ នេះបើគិតចាប់តាំងពីជំងឺនេះ ត្រូវបាន រកឃើញដំបូងនៅទីក្រុងវូហានកាលពីចុងឆ្នាំ២០១៩។ នេះអាចបណ្ដាលមកពីការណ៍ដែលប្រទេសចិនបានរាប់បញ្ចូលតែការស្លាប់ដោយសារជំងឺរលាកសួត ឬបញ្ហាផ្លូវដង្ហើមទៅក្នុង ចំនួន អ្នកស្លាប់ផ្លូវការរបស់ខ្លួន ដោយមិនបានរាប់បញ្ចូលអ្នកស្លាប់ ដោយ សារមូលហេតុផ្សេងដែលប្រទេសផ្សេងទៀតរាប់បញ្ចូលទៅក្នុងតួលេខរបស់ពួកគេ។

ទន្ទឹមនឹងនេះផងដែរ សេវារថភ្លើងល្បឿនលឿនពីចិនដីគោក ទៅ កាន់ទីក្រុងហុងកុងត្រូវបានដាក់ឱ្យដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរត្រឹមតែ ៥.០០០ នាក់ ប៉ុណ្ណោះក្នុងជើងនីមួយៗ និងទាមទារការធ្វើតេស្តអវិជ្ជមាន កូវីដ ១៩ ក្នុងរយៈពេល ៤៨ ម៉ោងមុន។

គួររម្លឹកដែរថា ចិនដីគោកនិងហុងកុងកំពុងចាប់ផ្ដើមបើក ឱ្យ ពលរដ្ឋ ខ្លួនអាចធ្វើដំណើរចេញចូលឡើងវិញ បន្ទាប់ពីទីក្រុង ប៉េកាំងបាន ផ្អាកមិនឱ្យធ្វើដំណើរក្រោមវិធានការកូវីដសូន្យ។ រីឯ ទីក្រុងហុង កុង វិញ ក៏បានដាក់ចេញនូវវិធានការរឹតបន្តឹង ស្រដៀង គ្នានេះដែរ ដោយ បានផ្កាកការធ្វើដំណើរចេញចូលពីអន្តរជាតិភាគច្រើនផងដែរ។

អ្នកស្រី Candice Zhong ពលរដ្ឋម្នាក់ដែលរស់នៅទីក្រុង Shenzhen និងដែលបានធ្វើដំណើរមកដល់ទីក្រុងហុងកុង បានលើកឡើងថា អ្នកស្រីមានគម្រោងទៅលេងសួនកម្សាន្ត សំខាន់ៗចំនួនពីររបស់ទីក្រុងហុងកុង។

អ្នកស្រីបាននិយាយនៅឯស្ថានីយរថភ្លើងដឹកជញ្ជូនដ៏ធំមួយរបស់ហុងកុងថា «ខ្ញុំចង់មកកម្សាន្តនៅទីក្រុងហុងកុង ដើម្បីមើលថា តើវាមានស្ថានភាពបែបណាឥឡូវនេះ។ ខ្ញុំនឹងទៅលេងកម្សាន្តនៅ Disneyland និង Ocean Park»៕
ដោយ៖ធា សុខណា
អត្ថបទដោយ៖ ធា សុណា

ads banner