របាយការណ៍៖ ឧស្សាហកម្មសព្វាវុធមីយ៉ាន់ម៉ាកើនឡើង ក្រោយរដ្ឋប្រហារឆ្នាំ ២០២១
ណៃពិដោរ៖របាយការណ៍ពីអង្គការក្រុមប្រឹក្សាពិសេស សម្រាប់ មីយ៉ាន់ម៉ា (SAC-M) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានរក ឃើញ ថា ក្រុមហ៊ុនមកពីប្រទេសក្រៅយ៉ាងហោចណាស់ចំនួន ១៣ បាន ជួយយោធាមីយ៉ានម៉ា បង្កើនសមត្ថភាពផលិតអាវុធ។
របាយការណ៍ចុងក្រោយនេះបានរៀបរាប់លម្អិតអំពីរបៀបដែលមីយ៉ាន់ម៉ាបានបង្កើនការផលិតអាវុធចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ដោយ បានបញ្ឆេះចលនាប្រឆាំងសាធារណៈដ៏ធំ។
របាយការណ៍អះអាងថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា កំពុងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់យោធាមីយ៉ាន់ម៉ា ហើយជំរុញឱ្យក្រុមហ៊ុនទាំងនោះធានាថា ពួកគេមិនសម្រប សម្រួល ការរំលោភសិទ្ធិមនុស្សនោះទេ។
ការរីកចម្រើននៃឧស្សាហកម្មអាវុធក្នុងស្រុកកើតឡើងស្របពេលដែលប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក បានអនុវត្ត ការហាមឃាត់អាវុធ ឬដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និង ក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងការជួញដូរ ឬផលិតអាវុធផ្គត់ផ្គង់ឱ្យ ក្រុមយោធា។
របាយការណ៍ចុងក្រោយនិយាយថា មីយ៉ាន់ម៉ាមិនមានក្រុមហ៊ុន ផលិតអាវុធឯកជនទេ។ ដូច្នេះក្រុមហ៊ុនផលិតអាវុធស្ថិតនៅ ក្រោម ការគ្រប់គ្រងរបស់ក្រសួងការពារជាតិនិងនាយកឧស្សាហកម្មការពារជាតិ។ រោងចក្រក្នុងស្រុកនៅតែអាចទាញយកបច្ចេកវិទ្យាដែលមានអាជ្ញាប័ណ្ណនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្រៅប្រទេស ការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រផ្សេងទៀត ដែលជួនកាលតាមរយៈការបញ្ជូន ឧបករណ៍ (យោធា)ទៅសិង្ហបុរី និងតៃវ៉ាន់ ដើម្បីជួសជុល ឬថែទាំ។
ក្នុងសេចក្តីថ្លែងការណ៍ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍ អ្នកជំនាញ SAC-M លោក Chris Sidoti បានជំរុញឱ្យរដ្ឋាភិបាល ផ្សេងៗស៊ើបអង្កេតនិងនៅពេលដែលមានភាពយុត្តិធម៌ចាប់ផ្តើមសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនដែលអាចឱ្យយោធាមីយ៉ាន់ម៉ាផលិតអាវុធដែលប្រើក្នុង «ការវាយប្រហារដោយមិនរើសមុខលើជន ស៊ីវិល»។
លោក Sidoti ដែលជាមេធាវីសិទ្ធិមនុស្ស និងជាសមាជិកនៃ បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិលើបញ្ហានៅមីយ៉ាន់ម៉ា ចន្លោះឆ្នាំ ២០១៧-២០១៩ បានបន្តថា៖ «ក្រុមហ៊ុន បរទេសដែលចំណេញពីការឈឺចាប់របស់ប្រជាជនមីយ៉ាន់ម៉ា ត្រូវ តែ ទទួលខុសត្រូវ»។
គួរគូសបញ្ជាក់ផងដែរថា របាយការណ៍មួយរបស់ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីឆ្នាំមុន បានគូសបញ្ជាក់អំពីក្រុមហ៊ុនមួយ ចំនួនដែលមានទំនាក់ទំនងជាមួយនឹងការផ្គត់ផ្គង់អាវុធឱ្យក្រុមយោធាមីយ៉ាន់ម៉ា រួមមានទាំងក្រុមហ៊ុនរុស្ស៊ី ចិន អ៊ុយក្រែន អ៊ីស្រាអែល សិង្ហបុរី និងហ្វីលីពីន។
របាយការណ៍ចុងក្រោយនិយាយថា កត្តាសំខាន់ដែលជំរុញឱ្យមាន ការ កើនឡើងនៅក្នុងឧស្សាហកម្មផលិតអាវុធក្នុងស្រុក គឺ ហានិភ័យ នៃការដាក់ទណ្ឌកម្ម ឬការរឹតត្បឹតលើការនាំចូលអាវុធ យន្តហោះយោធា និងអាវុធផ្សេងទៀត ដែលធ្វើឱ្យយោធាបច្ចុប្បន្ន នេះ ពឹងផ្អែកលើខ្លួនឯងក្នុងការផលិតអាវុធធុនតូច និងស្រាល។
របាយការណ៍ដដែលបន្ថែមថា សមត្ថភាពផលិតអាវុធ របស់ មីយ៉ាន់ម៉ា រួមមានរបស់របរជាច្រើនប្រភេទ ចាប់តាំងពីកាំភ្លើង វាយប្រហារ និងកាំភ្លើងយន្ត រហូតដល់កាំភ្លើងត្បាល់ អាវុធ ប្រឆាំងរថក្រោះ និងយន្តហោះចម្បាំង មីស៊ីល និងប្រព័ន្ធបាញ់ មីស៊ីល កាំភ្លើងធំ និងប្រព័ន្ធការពារអាកាស។ គ្រាប់មីន និងមីន សម្រាប់កងទ័ពជើងទឹក ក៏ស្ថិតក្នុងចំណោមអាវុធផ្សេងទៀតដែល ផលិតក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយអាវុធប្រភេទនេះក៏ត្រូវ បានដាក់បង្ហាញក្នុងការតាំងពិពណ៌ការពារជាតិ និងសន្តិសុខ ក្នុង ទីក្រុងបាងកក ដែលដាក់បង្ហាញផលិតផលយោធាបែបនេះ។
ចំណែករោងចក្រផលិតអាវុធឈ្មោះ KaPaSa ដែលជាអក្សរកាត់ នៃឈ្មោះក្នុងស្រុកសម្រាប់នាយកដ្ឋានឧស្សាហកម្មការពារជាតិមីយ៉ាន់ម៉ា បានប្រើសមាសធាតុមួយចំនួននាំចូលពីឥណ្ឌា និងចិន និងឧបករណ៍ផ្សេងៗទៀតពីអូទ្រីស អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និង សហរដ្ឋអាមេរិក៕
ដោយ៖ហួន ឌីណា