កម្ពុជា-ម៉ាល់ឌីវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៉ីជម្រៅ

(ម៉ាល់ឌីវ)៖ តាមរយៈអនុស្សរណៈយោគយល់គ្នា ភាគីកម្ពុជានិងភាគីម៉ាល់ឌីវបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ ពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនាជាដើម។

គួរជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជានិងម៉ាល់ឌីវ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម អាប់ឌុល្លា ម៉ៅស៊ូម (Abdullah Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជានិងម៉ាល់ឌីវនេះ ផ្ដោតលើកិច្ចសហប្រតិបត្តិការដូចតទៅ៖
១. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនាជាដើម។
២. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន។
៣. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។
៤. គាំទ្រនិងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និងកិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ទេសចរណ៍។
៥. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ។
៦. កិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើឲ្យកាន់តែល្អប្រសើរ ជាពិសេសការលើកលែងទិដ្ឋាការចំនួន៣០ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ដែលនឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។

ឯកឧត្តម បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យសិក្សាលទ្ធភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការតែមួយ គោលដៅពីរ» រវាងកម្ពុជា និងម៉ាល់ឌីវ ពិតជាកាលានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។

ដោយឡែក សម្តេចតេជោក៏បានអញ្ជើញលោកប្រធានាធិបតីមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាឲ្យបានមុនថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ រួចនឹងបន្តពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ពោធផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នៅខេត្តព្រះសីហនុ និងផ្តល់កិត្តិយសចូលរួមពិធីបើកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (32nd SEA Games and 12th ASEAN Para Games) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព – Sport Lives In Peace» ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ការទន្ទឹមនឹងនេះផងដែរ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យសិក្សាជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជាជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរឲ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម៉ាល់ឌីវ ដែលបានផ្ដល់អាហារូបករណ៍ផ្នែកបដិសណ្ឋារកិច្ចដល់សិស្សនិស្សិតកម្ពុជាចំនួន២០កន្លែងផងដែរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ១ថ្ងៃ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈមានដូចជា៖ (១) ការជំរុញឲ្យមានជើងហោះហើរត្រង់កម្ពុជា−ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬត្រីកោណ ឬជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), (២) ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, (៣) ការរៀបចំឲ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), (៤) ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួមជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបានឯកភាពគ្នារួចហើយ ដើម្បីរៀបចំក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក៏ដូចជាការអនវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផលនៃទស្សនកិច្ចផ្លូវការនាពេលនេះផងដែរ។

សូមរំលឹកថា មុនវិបត្តិកូវីដ១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន៦.៦លាននាក់ កើនឡើង៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះកម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន២.២លាននាក់ កើន១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន១.៧លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ១.៦លាននាក់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner