វិបត្តិអាកាសធាតុរបស់ពិភពលោក បណ្ដាលឱ្យជំងឺគ្រុនចាញ់ កើនឡើង

ស្វីស៖ នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ លោក Peter Sands បានថ្លែងក្នុងទីក្រុងដាវ៉ូស (ស្វីស) កាលពីថ្ងៃចន្ទ ទី១៦ ខែមករាថា ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមដ៏ ធំរបស់ពិភពលោក កំពុងបង្កើនការឆ្លងនៃជំងឺគ្រុនចាញ់។
លោក Sands បានលើកឡើងនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកា សេដ្ឋកិច្ចពិភពលោក (WEF) ថា ការឆ្លងជំងឺគ្រុន ចាញ់ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅ ប្រទេស ប៉ាគីស្ថានកាលពីឆ្នាំមុន និងព្យុះស៊ីក្លូននៅប្រទេស ម៉ូសំប៊ិកក្នុងឆ្នាំ ២០២១។ លោកបន្តថា៖ «នៅពេលណា ដែលមានព្រឹត្តិការណ៍អាកាសធាតុធំៗ វាជារឿងធម្មតាទេ ជំងឺគ្រុនចាញ់កើនឡើង»។

ការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និង លទ្ធផល នៃការដក់ទឹកយូរ បង្កជាជម្រកដល់មូស ដែលធ្វើឱ្យប្រជាជន ក្រីក្រងាយរងគ្រោះជាងគេ។ លោក Sands និយាយថា ការប្រែប្រួលអាកាសធាតុក៏កំពុងផ្លាស់ប្តូរភូមិសាស្ត្ររបស់សត្វមូសផងដែរ ដោយគូសជាឧទាហរណ៍ថា តំបន់ខ្ពង់រាបនៃទ្វីប អាហ្រ្វិក នៅកេនយ៉ា និងអេត្យូពី ឥឡូវនេះបានប្រឈមមុខ នឹងការឆ្លងនៃជំងឺគ្រុនចាញ់ ដោយសារតែការប្រែប្រួលនៃ សីតុណ្ហភាពទាប ដែលធ្លាប់ធ្វើឱ្យតំបន់នេះមិនសូវមានមូស។
លោក Sands គ្រប់គ្រងមូលនិធិសកលផ្នែកសុខាភិបាលដ៏ ធំបំផុតរបស់ពិភពលោក ដែលវិនិយោគក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺរបេង គ្រុនចាញ់ និងមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងប្រទេសក្រីក្របំផុតមួយចំនួនរបស់ពិភពលោក។

លោកបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុគ្រាន់តែជាកត្តា មួយប៉ុណ្ណោះ ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងលុប បំបាត់ជំងឺនានា។
នាយកប្រតិបត្តិដដែលបានបន្ថែមថា សង្គ្រាមនៅអ៊ុយក្រែន បាននាំឱ្យជំងឺអេដស៍ និងជំងឺរបេងកាន់តែអាក្រក់ទៅៗ។ ក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមដូចជា ឥណ្ឌា ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី ករណីជំងឺរបេងក្នុងចំណោម ប្រជាជន ក្រីក្របំផុតកំពុងកើនឡើងផងដែរ។ ក្រោមការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលលោក Sands បាននិយាយថា ប្រទេសទាំងនោះនឹងស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំង៕
ដោយ៖ហួន ឌីណា
ប្រភព៖ Climate change leads to more malaria, tuberculosis up in a recession

ads banner