រដ្ឋាភិបាលរៀបចំសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦”

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បាន និង កំពុងពិភាក្សានិងរៀបចំលើសេចក្តីព្រាង «ផែនការ យុទ្ធសាស្ត្រ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» ដើម្បីទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត កាន់តែច្រើនថែមទៀតក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។

ក្នុងកិច្ចប្រជុំអនុគណ:កម្មការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងខាងលើកាលពីថ្ងៃទី១៦ ខែមករាឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួង ទេសចរណ៍និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និង ទាក់ទាញទេសចរនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានឱ្យដឹងថា ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយនិងទាក់ទាញទេសចរខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ គឺឆ្លើយ តបនឹងឯកសារផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ដែលមានរំលេចនៅក្នុងជំពូកទី២ ផ្នែកទី៣ ។
លោកបន្តថា មួយវិញទៀត គឺរៀបចំឡើងតបតាមអនុសាសន៍ ណែនាំ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ក្នុងពិធីប្រកាសសមាសភាព និងគណៈកម្មការចំណុះឱ្យ គ.អ.ទ.ស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដែលបានថ្លែង ថា «ត្រូវរៀបចំជាបន្ទាន់នូវយុទ្ធសាស្ត្រផ្សព្វផ្សាយសម្រាប់ គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យ បាន រហ័ស »។

ឯកឧត្តម សុង តុងហាប់ បានថ្លែងថា ៖ «ជាចក្ខុវិស័យរបស់ ផែនការ យុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរ ខេត្តសៀមរាប ២០២៣ -២០២៦ គឺធ្វើការផ្សព្វផ្សាយ និង ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យ មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានស្មើ ឬប្រសើរ ជាងមុនពេលវិបត្តិ (ឆ្នាំ២០១៩) ដោយសម្រេចបាននូវចំនួន ភ្ញៀវទេសចរអន្តរជាតិប្រមាណបីលាននាក់ និងភ្ញៀវទេសចរ ផ្ទៃក្នុងប្រមាណបួនលាននាក់ នៅត្រឹមឆ្នាំ២០២៦»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក បានប្រាប់នៅថ្ងៃទី១៧ ខែមករា ថា លោក ស្វាគមន៍ ចំពោះការរៀបចំលើសេចក្តីព្រាង «ផែនការ យុទ្ធសាស្ត្រ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» របស់រដ្ឋាភិបាល ព្រោះការរៀបចំនេះ វាល្អ និងឆ្លើយតបទៅនឹងបរិបទពិភពលោក និងប្រទេសកម្ពុជា ។លោកបន្តថា ប៉ុន្តែគួរតែពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះ សេចក្តីព្រាង ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និង ទាក់ទាញទេសចរខេត្តសៀមរាបនេះ ជាពិសេសគឺការអនុវត្តឱ្យ បានខ្ជាប់ខ្ជួនចំពោះផែនការដែលបានដាក់ចេញ ទើបមាន ប្រសិទ្ធិភាពខ្ពស់ ។

លោក ធួន ស៊ីណាន បានថ្លែងថា ៖ «ផែនការយុទ្ធសាស្ត្រ វាល្អ ពន់ពេកក្រៃហើយ តែខ្ញុំស្នើសុំឱ្យមានការអនុវត្តឱ្យបាន ទូលំ ទូលាយ ឱ្យសមស្របដូចផែនការដែលយើងបានសរសេរ ក្នុងផែនការ ហ្នឹង វាជោគជ័យហើយ»។

អ្នកនាំពាក្យក្រសួងទេសចរណ៍ឯកឧត្តម តុប សុភ័ក មិនអាច ទាក់ទងសុំការធ្វើអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះបានទេនៅថ្ងៃទី ១៧ ខែមករានេះ។

សូមបញ្ជាក់ថា សេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» នឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈប្រតិបត្តិ នៃគ.អ.ទ.ស ក្រោមអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ ក្នុងពេលឆាប់ៗនេះមុននឹងដាក់បញ្ជូនទៅ គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរពិនិត្យមុននឹងឈានដល់បានការសម្រេច និងអនុម័ត ដោយរាជរដ្ឋាភិបាល៕ ដោយ៖យុទ្ធ វីរៈ

ads banner