ព្រៃកោងកាងបានជួយបង្កើត អេកូទេសចរណ៍ធម្មជាតិដ៏ជាទីទាក់ទាញនៅតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង
ខេត្តកោះកុង៖ តាំងពីយុគសម័យមុនៗដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ ឬសូម្បីតែបច្ចុប្បន្នព្រៃកោងកាងនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង បានក្លាយជារបស់មិនអាចខ្វះបានមួយ ដែលបម្រើលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវិស័យបរិស្ថានជាដើម ។
ព្រៃកោងកាងក្នុងតំបន់សហគមន៍មួយកន្លែងនេះបានជួយបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្តរភាព។ ដោយសារតែប្រយោជន៍ដ៏មហាសសាលនៃដើមឈើប្រភេទនេះទើបបានជួយបបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយអាចទាញយកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងនោះមិនចេះរីងស្ងួត ។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងជុំវិញព្រៃកោងកាងនេះថា៖”នៅសហគមន៍ពាមក្រសោបនេះមានដើមកោងកាងជាបង្គោលនិងជាស្នូលសំខាន់ក្នុងការទាក់ទាញវិស័យទេសចរណ៍ ហើយតាមរយៈព្រៃកោងកាងនេះដែរបានធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលសម្រាប់គ្រាន់ដោះស្រាយជីវភាពគ្រួសារ និងអ្នកខ្លះមានជីវភាពគ្រាន់ធូរធាជាងមុន”។
អនុប្រធានសហគមន៍រូបនេះបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ក្រៅពីផ្តល់លើវិស័យទេសចរណ៍ដើមកោងកាងនេះក៏ជាជម្រកសំខាន់ទៅលើជម្រកសត្វមួយចំនួនដូចជាត្រី ខ្យង ក្តាម ជីវៈចម្រុះគ្រប់ប្រភេទរស់នៅ។ជាមួយគ្នានេះដើមកោងកាងជា របាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រ មិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្រទៀតផង។
ជុំវិញផលប្រយោជន៍នៃដើមកោងកាងនៅក្នុងតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងនេះលោក វង្ស តារា បានលើកឡើងដោយបញ្ជាក់ប្រាប់ដែរថា៖ដោយសារព្រៃកោងកាងអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្តរភាព និងតាមរយៈការបំផុសចលនាថែរក្សាការពារ និងការដាំស្តារឡើងវិញព្រៃកោងកាងនេះធ្វើឱ្យពលរដ្ឋបានយល់ជ្រួតជ្រាប និងបានចូលរួមការពារ ដោយក្នុងនេះការកាប់ព្រៃកោងកាងលែងមានដូចកាលពីមុនទៀតឡើយ។
ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននាកន្លងមកធ្លាប់បាន ថ្លែងបញ្ជាក់ថា៖ដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។
ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ៕ដោយ ៖ ម៉ាដេប៉ូ