យូណេស្កូ៖ ការសម្លាប់អ្នកសារព័ត៌មានទូទាំងពិភពលោក បានកើនឡើងក្នុងឆ្នាំ ២០២២

យូណេស្កូ៖អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការ សហប្រជាជាតិ(យូណេស្កូ,UNESCO)បាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទថា ចំនួនអ្នក សារព័ត៌មានដែលត្រូវបានគេសម្លាប់នៅទូទាំងពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២២។

របាយការណ៍របស់យូណេស្កូបង្ហាញថា ចំនួនអ្នក សារព័ត៌មាន ដែលត្រូវសម្លាប់ក្នុងឆ្នាំ ២០២២ មានចំនួន ៨៦ នាក់ ហើយ ប្រទេសដែលស្ថិតនៅលើកំពូលតារាងរួមមានម៉ិកស៊ិក(១៩) អ៊ុយក្រែន (១០) និងហៃទី (៩) ។ ៣ភាគ៤ នៃការសម្លាប់អ្នក សារព័ត៌មានក្នុងឆ្នាំ២០២២បានកើតឡើងនៅក្នុងប្រទេសដែលមិនមានជម្លោះដោយជាងពាក់កណ្ដាលនៃជនរងគ្រោះស្ថិតនៅអាមេរិកឡាទីន។

របាយការណ៍ថា ការសម្លាប់អ្នកសារព័ត៌មានកើតចេញពីការ សងសឹក ចំពោះការរាយការណ៍អំពីឧក្រិដ្ឋកម្ម ជម្លោះ ប្រដាប់អាវុធ ឬការកើនឡើងនៃភាពជ្រុលនិយមជាដើម។បន្ថែមពីលើនេះអ្នកសារព័ត៌មានមួយចំនួន ក៏ត្រូវបានសម្លាប់ ផងដែរ ចំពោះការរាយការណ៍អំពីប្រធានបទដ៏រសើប ដូចជា អំពើពុករលួយ ឧក្រិដ្ឋកម្មបរិស្ថាន ការប្រើអំណាចដើម្បី រំលោភបំពាន និងការតវ៉ាជាដើម។

គួររំឭកថា នៅចន្លោះពីឆ្នាំ ២០១៩-២០២១ ការសម្លាប់ អ្នកសារព័ត៌មានទូទាំងពិភពលោកជាមធ្យម មានត្រឹមតែ ៥៨ នាក់ប៉ុណ្ណោះ ដោយក្នុងនោះមាន ៥៥ នាក់ត្រូវបាន សម្លាប់ ក្នុងឆ្នាំ ២០២១ ខណៈតួលេខទាំងបីឆ្នាំនេះបង្ហាញពីការ ថយចុះ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលអ្នកសារព័ត៌មាន ៩៩ នាក់ត្រូវបានសម្លាប់។

អគ្គនាយកយូណេស្កូ លោកស្រី Audrey Azoulay បាន ហៅការកើនឡើងជាថ្មីនៃការសម្លាប់អ្នកសារព័ត៌មានក្នុងឆ្នាំ ២០២២ នេះ ថាជារឿងដ៏គួរឱ្យព្រួយបារម្ភ។

លោកស្រីបានបន្តថា៖ «អាជ្ញាធរត្រូវតែបង្កើនកិច្ចខិតខំប្រឹង ប្រែងរបស់ពួកគេឡើងវិញ ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មទាំងនេះ ហើយធានាថាជនល្មើសត្រូវបានកាត់ទោស ពីព្រោះការ ព្រងើយកណ្តើយគឺជាកត្តាសំខាន់ក្នុងបរិយាកាសនៃអំពើហិង្សានេះ»។

ក្នុងរបាយការណ៍ចុងក្រោយ អង្គការយូណេស្កូបានកត់ សម្គាល់ ទៀតថា ជិតពាក់កណ្តាលនៃអ្នកសារព័ត៌មានដែលជាជន រងគ្រោះ ត្រូវបានគេសម្លាប់នៅខាងក្រៅម៉ោងបំពេញការងារ។ អ្នកសារព័ត៌មានខ្លះរងការវាយប្រហារពេលធ្វើដំណើរ នៅ ចំណតរថយន្ត ឬកន្លែងសាធារណៈផ្សេងទៀត ខណៈអ្នក ខ្លះ ទៀតត្រូវគេធ្វើឃាតនៅផ្ទះ។

ទីភ្នាក់ងារអ.ស.ប. ដដែលព្រមានថា នេះបញ្ជាក់ថា «គ្មានកន្លែងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាននោះទេ សូម្បីតែពេលទំនេររបស់ពួកគេក៏ដោយ»។

អ្វីដែលគួរឱ្យសោកស្ដាយនោះគឺថា និទណ្ឌភាពចំពោះ ការសម្លាប់អ្នកសារព័ត៌មានមានរហូតដល់ ៨៦ ភាគរយ ដែលជាអត្រា «ខ្ពស់គួរឱ្យភ្ញាក់ផ្អើល» ទោះបីជាបញ្ហានេះហាក់ ប្រសើរឡើងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកក៏ដោយ។

ក្រៅពីការសម្លាប់ក្នុងឆ្នាំ២០២២ អ្នកសារព័ត៌មានក៏ជាជន រង គ្រោះនៃអំពើហិង្សាក្នុងទម្រង់ផ្សេងទៀតផងដែរ ដោយនោះ រាប់បញ្ចូលទាំងការបាត់ខ្លួនដោយបង្ខំ ការចាប់ពង្រត់ ការឃុំ ខ្លួនដោយបំពាន ការបៀតបៀនផ្លូវច្បាប់ និងអំពើហិង្សាតាម ប្រព័ន្ធឌីជីថល ហើយអ្នកសារព័ត៌មានជាស្រ្តីគឺជាគោលដៅ ពិសេស។

ក្នុងរបាយការណ៍មួយរបស់អង្គការយូណេស្កូដូចគ្នា ដែល ចេញផ្សាយកាលពីឆ្នាំមុន ក្រោមចំណងជើងថា «និន្នាការ ពិភពលោកស្តីពីសេរីភាពនៃការបញ្ចេញមតិ និងការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ ២០២១ និង ២០២២» បានគូសបញ្ជាក់ ពីបញ្ហាផ្សេងទៀតៗដែលអ្នកសារព័ត៌មានត្រូវប្រឈមមុខ ដោយក្នុងនោះរួមមានទាំងការយកច្បាប់បរិហារកេរ្តិ៍ ច្បាប់អ៊ិនធឺណិត និងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយធ្វើជាអាវុធ ដើម្បីជាមធ្យោបាយកំណត់សេរីភាពក្នុងការបញ្ចេញមតិ ដែលបង្កើតបានបរិយាកាសដ៏គួរឱ្យព្រួយបារម្ភសម្រាប់អ្នកសារព័ត៌មាន៕
ដោយ៖ ហួន ឌីណា

ads banner