ក្រុមការងារខេត្តក្រចេះ ចុះស្ទាបស្ទង់ការជ្រើសរើសបេក្ខជនប្រធានភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
ក្រចេះ៖ ក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី កាកលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានចុះស្ទាបស្ទង់ការជ្រើសរើសបេក្ខជនប្រធានភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
មានប្រសាសន៍លើកឡើងនៅក្នុងឱកាសនេះ ឯកឧត្តម ព្រុំ សុខា បានថ្លែងគូសបញ្ជាក់ថា ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសប្រធានភូមិ ដែលមានអង្គបោះឆ្នោតចំនួន ១៦១នាក់នាពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិដែលប្រជាជនស្រឡាញ់ ហើយជាប្រធានភូមិដែលល្អសម្រាប់ភូមិដូនប៉ុក ដើម្បីបម្រើប្រជាជន សំដៅកសាងសុខសន្តិភាពក្នុងភូមិ ឃុំ ចូលរួមបន្តថែរក្សាការពារឱ្យបានគង់វង្សនូវសុខសនិ្តភាព កសាងអភិវឌ្ឍមូលដ្ឋានជំរុញវឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំឥតងាករេ ចំពោះមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកផ្តាំផ្ញើជូនក្រុមការងារគ្រប់លំដាប់ថ្នាក់ ឱ្យបន្តនីតិវិធីស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិសម្រាប់ភូមិថ្មីផ្សេងៗទៀតដែលនៅសេសសល់ឱ្យបានឆាប់ ព្រមទាំងបានអំពាវនាវមន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ពង្រឹងសាមគ្គីភាព និងពូនជ្រុំជំនឿរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សំដៅពង្រឹងប្រៀបឈ្នះ ឈានទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕ ង៉ាន់ ទិត្យ