ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចពិភាក្សាលើកិច្ចសហការ ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមប្រក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ច ពិភាក្សាលើកិច្ចសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ។កិច្ចប្រជុំនេះនៅថ្ងៃទី ១៩ ខែមករា នៅទីស្តីការក្រសួង ក៏ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្រ្តីបច្ចេកទេសនៃ ក្រសួងបរិស្ថាន និងក្រុមការងារGGGI ជាច្រើនរូបផងដែរ។
ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា ទី១.អង្គប្រជុំបានពិភាក្សាលើ វឌ្ឍនភាពការងារសម្រេចបានរបស់ GGGI ឆ្នាំ២០២២ និង លើក ទិសដៅឆ្នាំ២០២៣, ទី២. ការរៀបចំយន្តការអនុវត្តគម្រោង និង កំណត់ជនបង្គោលសម្រាប់កិច្ចសហការអនុវត្តគម្រោងជាក់លាក់ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគម្រោងវិនិយោគនា ពេលអនាគត សរុបចំនួន១៣ និងទី៣. ពង្រឹងភាពជាដៃ គូរវាងក្រសួងបរិស្ថាន និង GGGI។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ មួយ ចំនួន សម្រាប់ក្រុមការងារ GGGI និងកិច្ចសហប្រតិបត្តិការជារួម ជាមួយ ក្រសួងបរិស្ថាន។ក្នុងនោះ ៖ ១. គម្រោងទាំងអស់គួរបន្ស៊ីជាមួយ គោលនយោបាយនិងអាទិភាពការងារដែលមានស្រាប់ ,២. សកម្មភាព គម្រោងជៀសវាងការជាន់គ្នាជាមួយគម្រោងផ្សេងទៀត ដែលបាននិងកំពុងអនុវត្ត និងអាចបន្សីការងារជាមួយគ្នាទៅ វិញ ទៅមក, ៣. ក្រសួងបរិស្ថានបន្តសហការជាមួយ GGGI ធ្វើការ ជាមួយដៃគូនានា ក្នុងទិសដៅសម្រេចបានគោលបំណង អាទិភាព រួម និង៤. ក្រសួងបរិស្ថាននឹងរៀបចំឱ្យមានបញ្ជីមន្រ្តី បង្គោល សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងចំនួន១៣៕ ដោយ៖ គ្រី សម្បត្តិ