សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលិ ក្នុងខេត្តកោះកុង (Video Inside)
សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលីនាសម័យសង្គ្រាមស៊ីវិល និងសមិទ្ធផលនានា នៅក្នុងពិធីមួយប្រារព្ធនាខេត្តកោះកុងថ្ងៃទី១៧មករានេះ។ ទីលានផ្នូរយុទ្ធជនពលី បានចាប់ផ្តើមបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ដែលពិធីបុកគ្រឹះនាពេលនោះ បានធ្វើឡើងក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ ទីលានផ្នូរយុទ្ធជនពលីជីវិតក្នុងសម័យសង្គ្រាម ទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីខេត្តបានថ្លែងថាការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងនោះមានសពសរុបមាន ចំនួន៤៤៧សព ដែលជាសពមកពីបណ្តាលរាជធានី-ខេត្តចំនួន១៨ ដែលមានឈ្មោះ ទីកន្លែង កំណើតត្រូវបានយក មកបញ្ចុះនៅទីនេះផងដែរ។
ក្នុងចំណោមសពទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤ សព, ខេត្តកំពង់ស្ពឺ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគិរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំចំនួន ១សព។
យោងតាមប្រវត្តិសាស្ត្រខេត្តកោះកុង គឺជាខេត្តមួយនៃប្រភពចាប់ផ្តើមការបះបោររបស់យុទ្ធជនតស៊ូ ដែលបានចូលរួមក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ វាយផ្តួលរំលំរបបដឹកនាំ ខ្មែរក្រហមប៉ុលពតថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។