សម្តេចក្រឡាហោម ស ខេង អំពាវនាវអាជ្ញាធរខេត្តសៀមរាប រក្សាភាពអត់ធ្មត់ក្នុងការដោះស្រាយរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ (Video Inside)
សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរបន្តការដោះស្រាយដោយភាពអត់ធ្មត់ ក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ។ តំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់ដែលអង្គការយូណេស្កូបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា នឹងតម្រូវការការពារ យ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។
ប៉ុន្តែអំពើ អនាធិបតេយ្យជាច្រើនបានកើតឡើងក្នុងតំបន់រមណីយដ្ឋាននោះ ដែលជំរុញឱ្យអាជ្ញាធរ ត្រូវចុះបំពេញកាតព្វកិច្ចដើម្បីចៀសវាងអង្គការយូណេស្កូ ដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
ការរៀបចំសណ្តាប់ធ្នាប់កន្លងមកនេះ ទោះជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សញុះញង់បង្កមិនឱ្យមានការស្តាប់បង្គាប់ដល់អាជ្ញាធររៀបចំសណ្តាប់ ធ្នាប់នោះឡើយ។
សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ នៅខេត្តសៀមរាប បានថ្លែងដាស់តឿនអាជ្ញាធរបន្តភាពអត់ធ្មត់ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីនោះ។
រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ បានរៀបចំតំបន់ថ្មីមួយដែលមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ និងជួយឧបត្ថម្ភលើសម្ភារៈមួយ ចំនួនក្នុងការរៀបចំធ្វើសំណង់លំនៅដ្ឋាន ដើម្បីធានាថាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅលើទីតាំងថ្មី នឹងមិនមានការព្រួយបារម្ភលើអនាគត កូនចៅរបស់គេ និងសុខមាលភាពរស់នៅឡើយ។