ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែងក្នុងខណ្ឌឬស្សីកែវ ត្រូវសមត្ថកិច្ច ជំនាញចុះបង្ក្រាប ឃាត់ម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន ០៨នាក់
ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន ០៣នាក់ និងវត្ថុតាងមួយចំនួន ។
ក្នុងប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស្រ្តីជាម្ចាស់ទីតាំងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បេីតាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» មានស្រ្តីម្នាក់ ជាម្ចាស់ទីតាំង នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។
ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៥ល្ងាច រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០៣នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ០៩យប់ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការនេះ កម្លាំងជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ ៕ ដោយ ៖ ជីម ភារ៉ា