នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៣នាក់ ត្រូវឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានអោយដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់អោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់នោះ មាន ១១នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៩ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៨ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហួត