អ.ស.ប រាយការណ៍ថា ជនស៊ីវិលជាង ៧ពាន់នាក់ស្លាប់ នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយ
កៀវ៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនស៊ីវិលច្រើនជាង ៧,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។ ប៉ុន្តែអង្គការសហប្រជាជាតិសង្ស័យថា ចំនួនពិតប្រាកដអាចមានទំហំធំជាងនេះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានរាយការណ៍នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៧,០៣១នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ហើយថា ជនរងគ្រោះ ៤៣៣នាក់គឺជាកុមារ។
ប៉ុន្តែការិយាល័យនេះសង្ស័យថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងឆ្ងាយ ដោយសារការពន្យារពេលក្នុងការបញ្ជាក់ព័ត៌មានពីតំបន់ប្រយុទ្ធ និងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។ សូមរម្លឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មីស៊ីលមួយគ្រាប់បានវាយប្រហារលើអគារផ្ទះល្វែងកម្ពស់៩ជាន់មួយកន្លែងក្នុងទីក្រុង ឌីនីប្រូ (Dnipro) ភាគខាងកើត។
ហើយជាមួយគ្នានេះ អាជ្ញាធរគ្រាអាសន្នរបស់អ៊ុយក្រែននិយាយថា មនុស្សយ៉ាងហោចណាស់៤៤នាក់បានស្លាប់ ក្នុងនោះមានកុមារ៤នាក់ និង៧៩នាក់រងរបួស ខណៈដែលមនុស្ស ២០នាក់ទៀតនៅមិនទាន់រាប់បញ្ចូលនៅឡើយ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា