លម្អិតករណី៖ ប្រធានាធិបតីវៀតណាម លាលែងពីតំណែង ចំ ពេលបក្សកុម្មុយនីស្តវៀតណាម​ បង្កើនការបង្ក្រាបអំពើពុករលួយ

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានអះអាងថា ប្រធានាធិបតី វៀតណាមលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បានលាលែងចេញពីតំណែងកាលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីបក្សកុម្មុយនីស្តវៀតណាមដែលកំពុងកាន់ អំណាចបានធ្វើការស្តីបន្ទោសលោកចំពោះការបំពាននិងការប្រព្រឹត្តខុសដោយមន្ត្រីក្រោមបង្គាប់របស់លោក។ ការសម្រេចបណ្ដេញប្រធានាធិបតីចេញពីតំណែងបែបនេះត្រូវបានប្រព្រឹត្តទៅនៅក្រោមក្របខ័ណ្ឌយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសវៀតណាម។

គួរដឹងថា លោក ហ្វ៊ុក ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីដែលត្រូវបាន ស្ងើចសរសើរពីសាធារណៈជនថាបានជួយពន្លឿនកំណែទម្រង់គាំទ្រគោលនយោបាយអាជីវកម្មក្នុងស្រុកកន្លងមក។លោក បាន ឡើងកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០២១ ហើយជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូប ដែលត្រូវបានកំណត់ គោល ដៅ ថាមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

វៀតណាមគ្មានមេដឹកនាំកំពូលណាម្នាក់ដែលមានអំណាចលើសគេនោះទេ។ ជាទូទៅ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ពឹង ផ្អែកទៅលើសសរស្តម្ភចំនួនបួនសំខាន់ៗ ក្នុងនោះរួមមានដូច ជា ប្រធានាធិបតីជាប្រមុខរដ្ឋ នាយករដ្ឋមន្ត្រីជាប្រមុខ រដ្ឋា ភិបាល អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធាន រដ្ឋសភា។ សម្រាប់លោក ហ្វ៊ុក ដែលជាប្រមុខរដ្ឋវ័យ៦៨ ឆ្នាំ គឺ ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះបទល្មើសដែលប្រព្រឹត្តដោយ មន្ត្រីនៅក្រោមបង្គាប់របស់ខ្លួនជាច្រើនរូប រួមមាន ឧបនាយ ករដ្ឋមន្ត្រីពីររូប និងរដ្ឋមន្ត្រីបីរូបផងដែរ។ នេះបើយោង តាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា «លោកហ្វ៊ុក បានដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់លោកនៅចំពោះមុខគណបក្សនិងប្រជាជន។ ដូច្នេះលោកបានដាក់ ពាក្យ សុំលាលែងពីមុខតំណែង ហើយក៏ចូលនិវត្តន៍តែម្ដង»។ចំណែក ការិយាល័យរដ្ឋបាលរបស់លោក ហ្វ៊ុក មិនអាចទាក់ទងបាន ភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបំភ្លឺនោះទេ។រហូតមកទល់ ពេលនេះក៏មិនទាន់ដឹងច្បាស់ថាតើអ្នកដែលនឹងចូលកាន់តំណែងជំនួសលោកត្រូវបានជ្រើសរើសហើយឬនៅនោះទេ?។

កន្លងមក មានការដឹងឮ និងនិយាយតៗគ្នាជាច្រើននៅក្នុង ប្រទេស វៀតណាមថា លោក ហ្វ៊ុក នឹងត្រូវដកចេញពីតំណែង បន្ទាប់ពីការបណ្តេញចេញឧបនាយករដ្ឋមន្ត្រីពីររូបដែលបានបម្រើការនៅក្រោមបង្គាប់របស់លោកកាលពីដើមខែមករា ខណៈ ដែលបក្សកុម្មុយនីស្ដវៀតណាមបានរឹតបន្តឹងទ្វេដងទៅលើយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងជួរបក្ស ដែលនាំមុខដោយ ប្រមុខដឹកនាំដ៏មានឥទ្ធិពល គឺលោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong)។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២២ សមាជិកគណបក្សចំនួន ៥៣៩ រូបត្រូវបានកាត់ទោស ឬ ដាក់ពិន័យពីបទប្រព្រឹត្តអំពើ ពុករលួយ និងប្រព្រឹត្តិទង្វើខុសឆ្គងផ្សេងៗ ក្នុងនោះរួមមាន រដ្ឋមន្ត្រី មន្ត្រីកំពូលៗ និងអ្នកការទូតជាដើម។ មិនត្រឹម តែប៉ុណ្ណោះ ប៉ូលិសបានធ្វើការស៊ើបអង្កេតទៅលើករណី ពុករលួយចំនួន ៤៥៣ ករណីដែលតួលេខនេះបានកើន ឡើងរហូតដល់ទៅ ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១។

កាលពីដើមខែមករា លោក ចុង បានលើកឡើងថា គណបក្ស មានការតាំងចិត្តកាន់តែខ្លាំងជាងមុន និងមានប្រសិទ្ធភាព ប្រកប ដោយវិធីសាស្រ្តជាច្រើនក្នុងការធានា និងប្តេជ្ញាថានឹង អនុវត្តវិធានការប្រឆាំងអំពើពុករលួយឱ្យចេញជាលទ្ធផល។

មានមតិជាច្រើនដែលបានលើកឡើងខុសៗគ្នាអំពីវិធានការប្រឆាំងអំពើពុករលួយរបស់លោក ចុង ដោយភាគច្រើន ពួកគេ បានផ្ដោតទៅលើការវិនិយោគ និងគោលនយោបាយ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី បានលើកឡើងថា ការបោស សម្អាត អំពើពុករលួយនេះ អាចត្រួសត្រាយផ្លូវសម្រាប់មេ ដឹកនាំដែលមានសមត្ថភាពឱ្យមានឱកាសចូលបម្រើជាតិកាន់តែច្រើន។អ្នកស្រាវជ្រាវរូបនេះបានបង្ហោះនៅលើគណនីហ្វេសប៊ុកថា «ដរាបណាការរុះរើថ្នាក់ដឹកនាំមិននាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយខ្លាំងនោះទេ ការជះឥទ្ធិពលទៅលើសេដ្ឋកិច្ចក៏ នឹង មាន តិចតួចផងដែរ»។

ចំណែក លោក Ha Hoang Hop ដែលជាអ្នកស្រាវជ្រាវជាន់ ខ្ពស់នៅវិទ្យាស្ថានដូចគ្នាខាងលើបានលើកឡើងថា ការដក តំណែងលោក ហ៊្វុក និងភាពមិនប្រាកដប្រជាជាច្រើន អាច ធ្វើឱ្យអ្នកវិនិយោគមានការខកបំណង។ លោកបានបន្តថា «ការណ៍នេះអាចនាំប្រទេសវៀតណាមឈានទៅរកពេលវេលានៃអស្ថិរភាព ដែលនឹងធ្វើឲ្យវិនិយោគិនបរទេសព្រួយបារម្ភ»។

គួរកត់សម្គាល់ថា ការលាលែងពីតំណែងរបស់លោក ហ្វ៊ុក គឺតម្រូវឱ្យមានការយល់ព្រមពីសភាជាមុនសិន។ ដូច្នេះការ រៀបចំកិច្ចប្រជុំវិសាមញ្ញដ៏កម្រមួយក្នុងសប្តាហ៍នេះ ប្រៀប បានដូចជាកិច្ចប្រជុំកំណត់ជោគវាសនារបស់លោកតែម្ដង។ លោក ហ្វ៊ុក ត្រូវបានគេស្គាល់នៅក្នុងប្រទេសវៀតណាម ថាជាមនុស្សរួសរាយរាក់ទាក់ និងស្រលាញ់ក្រុមបាល់ទាត់ ជម្រើសជាតិខ្លាំងណាស់។ បន្ថែមលើនេះ លោកធ្លាប់ត្រូវបាន គេលើកតម្កើងថានឹងក្លាយជាអគ្គលេខាធិការបក្សនាពេលអនាគត ដែលជាមុខងារមួយដ៏មានកិត្យានុភាពបំផុតទៀតផង។

កាលពីលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ លោកបានរួមចំណែកជួយឱ្យកំណើន សេដ្ឋកិច្ច វៀតណាមកើនឡើងប្រចាំឆ្នាំជាមធ្យម៦ភាគរយ ធ្វើឱ្យ វៀតណាមក្លាយជាមហាអំណាចខាងផ្នែកផលិតកម្មដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅតំបន់អាស៊ី និងជួយជំរុញសេរី ភាវូបនីយកម្មឱ្យកាន់តែប្រសើរឡើងជាងមុន ដូចជាការចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងមហាអំណាច នៅតំបន់ប៉ាស៊ីហ្វិកជាដើម។

បើទោះបីជាលោក ហ្វ៊ុក លាលែងចេញពីតំណែងក៏ដោយ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក៏បានសរសើរនូវសមិទ្ធផល ជា ពិសេសវិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩របស់លោកកាលពីឆ្នាំ២០២០និងឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍រដ្ឋាភិបាលនោះបានលើកឡើងថា «គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដឹកនាំ តម្រង់ទិស និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសម្រេច បាននូវលទ្ធផលសំខាន់ៗជាច្រើន»៕
ដោយ៖ ធា សុណា
ប្រភព៖ https://www.reuters.com/world/asia-pacific/vietnams-president-phuc-quits-blamed-ministers-violations-2023-01-17/

ads banner