ក្រុមហ៊ុនសាមសុងនៅវៀតណាម នាំចេញក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ កាលពីឆ្នាំមុន

ហាណូយ៖ សារព័ត៌មានវៀតណាមផ្សាយថា ក្រុមហ៊ុន សាមសុង (Samsung)នៅវៀតណាមនាំចេញផលិតផល របស់ ខ្លួនមានតម្លៃ ៦៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

តួលេខនេះត្រូវបានប្រកាសឱ្យដឹងនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ខាយ(Le Minh Khai) និង លោក ផាក ហា ឃ្យូ (Park Hark Kyu) ប្រធានក្រុមហ៊ុន Samsung Electronics កាលពីសប្ដាហ៍មុន។ទោះជា យ៉ាង ណាទំហំនៃការនាំចេញនេះធ្លាក់ចុះប្រមាណ ០,៨ភាគរយបើ ធៀប នឹងឆ្នាំ២០២១។

អាជ្ញាធរវៀតណាមអះអាងថា ការនាំចេញរបស់ក្រុមហ៊ុន សាមសុងមានទំហំជិត៩ភាគរយ នៃទំហំពាណិជ្ជកម្ម សរុប របស់ប្រទេសវៀតណាមដែលមានចំនួនសរុប៧០០ ពាន់លាន ដុល្លារ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកឡេ មិញ ខាយ បាន លើកឡើងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យា របស់ក្រុមហ៊ុនសាមសុង នៅទីក្រុងហាណូយ ជាមជ្ឈមណ្ឌលធំបំផុតរបស់ក្រុមហ៊ុន សាមសុងទាំង អស់ នៅអាស៊ីអាគ្នេយ៍។

ប្រធានក្រុមហ៊ុនសាមសុង លោក Park Hark Kyu លើក ឡើងថា លោកបានធ្វើដំណើរមកប្រទេសវៀតណាមជាង ២០ ដងដើម្បីស្វែងរកឱកាសវិនិយោគ។លោកPark បន្ថែមថា៖« រាល់ពេលដែលខ្ញុំក្រឡេកមើលទៅក្រោយ(១០ឆ្នាំមុន) ខ្ញុំ គិតថាការវិនិយោគបង្កើតរោងចក្រនៅវៀតណាមផ្ដើមពីខេត្ត Thai Nguyen គឺជាជម្រើសដ៏ឈ្លាសវៃ» ។

លោកអះអាងសំដៅទៅលើតំបន់ភាគខាងជើងដែលសាមសុង ដាក់រោងចក្រផលិតស្មាតហ្វូននៅទីនោះ។ ក្រុមហ៊ុនសាមសុង បានវិនិយោគជាទឹកប្រាក់ប្រមាណ ជាង១៨ពាន់លានដុល្លារក្នុងប្រទេសវៀតណាមរួចមក។ក្រុមហ៊ុននេះ គ្រោងនឹងបង្កើនទុនវិនិយោគបន្ថែមឱ្យ ដល់ ២០ពាន់លានដុល្លារនៅពេលអនាគត។

របាយការណ៍ពីវៀតណាមបង្ហាញថា ពាក់កណ្តាលនៃ ស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ត្រូវបានផលិតនៅ ក្នុងប្រទេសវៀតណាម៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner