កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំ ដើម្បីដាក់ចេញផែនការសកម្មភាពសម្រាប់ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម
ភ្នំពេញ៖ អង្គប្រជុំកាកបាទក្រហមកម្ពុជា បានសម្រេចកំណត់ ប្រធាន បទ សម្រាប់ខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម គឺ “រួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដែលប្រធាន បទនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពក្នុងសង្គមដែលបង្កឡើងដោយជំងឺកូវីដ១៩។
ការកំណត់យកប្រធានបទនេះ បន្ទាប់ពីការកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី ខ្លឹមសារ ខួបលើកទី១៦០ ទិវា ពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នយ៍ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចុះថ្ងៃទី ១៨ ខែមករា នេះ បានឱ្យដឹងថា អង្គប្រជុំបាន ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្តក្នុងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៣។
បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាការប្រែប្រួលអាកាស ធាតុដែលកាកបាទក្រហមកម្ពុជាត្រូវបន្តធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាប ការយល់ដឹងដល់ប្រជាជននៅមូលដ្ឋានឱ្យបានកាន់តែស៊ីជម្រៅ និង ទូលំទូលាយ ហើយក៏ជាចំណុចដែលកាកបាទក្រហមកម្ពុជា បានដាក់ សំណើទៅសហព័ន្ធអន្តរជាតិ ដើម្បី ដាក់បញ្ចូលទៅក្នុងរបៀបវារៈ នៃ កិច្ចពិភាក្សារបស់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាក បាទ ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ផងដែរ។
ឆ្លងកាត់ការពិភាក្សាអង្គប្រជុំបានសម្រេចកំណត់ប្រធានបទសម្រាប់ខួបទី១៦០ នៃទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ គឺ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី បរិយាបន្នសង្គម” ហើយដែលអង្គប្រជុំនឹងដាក់គោរពជូន ប្រធាន កាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីពិនិត្យ និងសម្រេច។
អនុប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំនេះពុំមានរៀបចំមីទ្ទិញ ថ្នាក់ ជាតិ ដើម្បី ប្រារព្ធ ខួបទី១៦០ទិវាពិភពលោកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ឡើយ។ ប៉ុន្តែលោកជំទាវថា ការប្រារព្ធគឺនៅរក្សាការអំពាវនាវកៀរគររកមូលនិធិដូចធ្លាប់បានធ្វើកាលឆ្នាំ២០២១ និង២០២២ដដែល។
ជាមួយគ្នានេះ ចាំបាច់យើង ត្រូវមានប្រធានបទសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បំផុសការចូលរួម គាំទ្រដល់ សកម្មភាពមនុស្សធម៌ និងការរកមូលនិធិរបស់កាក បាទ ក្រហមកម្ពុជា។ លោកជំទាវគូសបញ្ជាក់ថា៖«ប្រធានបទនេះ មាន គោលបំណងបង្ហាញពីការ យកចិត្តទុកដាក់របស់កាកបាទក្រហម កម្ពុជា ក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពនៅ ក្នុងសង្គមដែលបង្កដោយជំងឺកូវីដ១៩ ហើយនៅក្នុងដំណាក់កាល ដែលប្រទេសបានបើកឡើងវិញលើ គ្រប់វិស័យ»។
លោកជំទាវ បន្ថែម ថា កាកបាទក្រហមកម្ពុជា ត្រូវចូលរួមចំណែកក្នុងការជួយដល់អ្នក ងាយ រងគ្រោះបំផុត ដែលមាន ជីវភាពលំបាក ដោយសារការ បាត់ បង់ការងារ បាត់បង់ចំណូល និងបញ្ហាសេដ្ឋកិច្ចដែល បង្កដោយ សង្គ្រាម ដោយមិនទុកនរណាម្នាក់ចោល។
ទន្ទឹមនឹងនេះ លោកជំទាវ បានណែនាំដល់ក្រុមការងារឱ្យ បន្តចង ក្រង ឯកសារទស្សនាទាន ដើម្បីឈានដល់ការផ្សព្វផ្សាយតាមសាកល វិទ្យាល័យ និងតាមបណ្ដាខេត្តមួយចំនួន ក៏ដូចជាវិធីសាស្ត្រក្នុង ការផ្សព្វផ្សាយបង្ហាញពីសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា តាម រយៈ ការចុះធ្វើបទយកការណ៍ និងការចងក្រងឯកសារ សមិទ្ធផល ជាដើម។
ក្នុងឱកាសនោះ អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី បានសំណូមពរដល់មន្ត្រីដែលត្រូវចុះទៅផ្សព្វផ្សាយ និងអ្នកត្រូវ ធ្វើ អត្ថាធិប្បាយ ត្រូវពន្យល់បកស្រាយឱ្យបានច្បាស់លាស់អំពី ប្រធានបទ ដើម្បីឱ្យប្រជាជនបាន យល់ច្បាស់ ជាពិសេសគឺ សប្បុរសជន ដើម្បីឱ្យមានការចូលរួម។
ចំណែកលោកជំទាវ ម៉ែន នារីសោភ័គ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ អនុក្រុមការងារខ្លឹមសារព័ត៌មាន និង ផ្សព្វផ្សាយ បានបញ្ជាក់ថា ផ្អែកលើប្រធានបទនេះ ក្រុមការងារនឹងបន្តធ្វើការងារបន្ថែម ចងក្រង ឯកសារទស្សនទាន និងកំណត់ការចេញផ្សាយសេចក្ដី ប្រកាសព័ត៌មាន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ៕
ដោយ៖ឡាយ សាមាន