ម្ចាស់សិប្បកម្មកំប្លោក នៅស្រុកទឹកឈូខេត្តកំពត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកសូមចូលរួមគាំទ្រ សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសសិប្បកម្មកំប្លោក
ខេត្តកំពត ៖ លោក ហ៊ាង ភិរុណ ម្ចាស់សិប្បកម្មកំប្លោក ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូខេត្តកំពត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកសូមចូលរួមគាំទ្រ សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសសិប្បកម្មកំប្លោក។
យុវជន ហ៊ាង ភិរុណ ជាម្ចាស់សិប្បកម្មកំប្លោក បានអោយដឹងថា សព្វថ្ងៃនេះ សិប្បកម្មតូចមួយដែលស្ថិតនៅទីតាំងភូមិ ឃុំខាងលើ គឺរូបគេធ្វើតែម្នាក់ឯងទេ ដោយបានរៀនសិប្បកម្មមួយនៅខេត្តសៀមរាប ដោយសារការយកចិត្តទុកដាក់ធ្វើអោយ ហ៊ាង ភិរុណ ប្រើពេលត្រឹមមួយខែប៉ុណ្ណោះចេះធ្វើកាបូប កាតាប មួក ឬវត្ថុអនុស្សាវរីយ៍ជាច្រើនពីកំប្លោក ក៏ត្រឡប់មកភូមិស្រុករបស់ខ្លួនវិញ និងចាប់ផ្តើមប្រកបរបរមួយនេះ អស់រយៈពេល៣ឆ្នាំមកហើយ។
ហ៊ាង ភិរុណ បន្ថែមថា ការធ្វើវត្ថុអនុស្សាវរីយ៍ពីកំប្លោកនេះ មិនពិបាកនោះទេ ដោយសារការស្រឡាញ់ និងចូលចិត្តធ្វើអោយរូបគេអាចទទួលបានចំនូលច្រើនគួរសម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមិនចាំបាច់ធ្វើការចំណារស្រុកនោះទេ។ ម្ចាស់សិប្បកម្មកំប្លោករូបនេះ បន្តថា វត្ថុអនុស្សាវរីយ៍ ជាកាបូប កាតាប មួក ដែលខ្លួនបានធ្វើ គឺមានតម្លៃចាប់ពី ១០ដុល្លារ ដល់ ៤៥ដុល្លារ តាមតូចឬធំ ជាពិសេសគឺម៉ូតដែលភ្ញៀវចង់បាន ហើយក្នុងមួយថ្ងៃៗ គឺលក់បាន២ ឬ ៣ ប៉ុណ្ណោះ ទៅតាមបងប្អូន និងភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ។ ហ៊ាង ភិរុណ បន្ថែមថា ការធ្វើនេះដែរ បើទំហំតូចយើងអាចធ្វើមួយក្នុងមួយថ្ងៃ បើទំហំធំត្រូវចំណាយរយៈពេល២ថ្ងៃទើបរួច។
យុវជនរូបនេះ សង្ឃឹមថា សិប្បកម្មកំប្លោកនេះ នឹងទទួលបានការគាំទ្រពីភ្ញៀវទេសរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅទីនេះ។ បច្ចុប្បន្ននេះ សិប្បកម្មកំប្លោកមួយនេះ មិនទាន់ទទួលបានការកាម្ម៉ង់ពីកន្លែងលក់វត្ថុអនុស្សាវរីយ៍ ឬក៏រមណីដ្ឋានទេសចរនានានោះទេ ដោយសារសិប្បកម្មនេះតូច ហើយធ្វើម្នាក់ឯងទៀត។
យុវជន ហ៊ាង ភិរុណ បានរៀបរាប់ពី របៀប នៃការធ្វើ ដំបូងគេគឺត្រូវដើរកាត់កំប្លោកតាមព្រែកឬបឹង យកមកហាលថ្ងៃរយៈពេល២០ថ្ងៃ បន្ទាប់យកមកបោកទឹកសាប៊ូអោយស្អាត រួចយកទៅឆ្ពុងជាមួយរងើកធ្យូង រួចវ៉ៃជាក្តារពុម្ភ បន្ទាប់មកធ្វើចេញជាវត្ថុផ្សេងៗ ដូចជា កាបូប កាតាប ឬសម្ភារផ្សេងៗ។ដាក់ ។
ភិរុណ បន្តថា ក្រោយបីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការណ៍ច្បាស់លាស់ និងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ចាប់ពីដូសទី១ រហូតដល់ដូសទី៣ទី៤ ទី៥ និងទី៦។ល។ ធ្វើឱ្យកម្ពុជាគ្រប់គ្រងជំងឺកូវីត-១៩ បានល្អរហូតបានបើកប្រទេសឡើងវិញ និងធ្វើវិស័យជាច្រើនចាប់ផ្តើមដំណើរឡើងវិញ និងមានភ្ញៀវទេសចរបរទេសមកកម្សាន្តកម្ពុជាជាថ្មី ជាពិសេសមកខេត្តកំពត និងមកដល់សិប្បកម្មរបស់ខ្លួនផងដែរ។
លោក ហ៊ាង ភិរុណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស សូមជួយគាំទ្រសិប្បកម្មកំប្លោក ជាពិសេសស្នាដៃកូនខ្មែរ មិនថាសិប្បកម្មកំប្លោកឬសិប្បកម្មផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទីក ជៀសវាងប៉ះពាល់ដល់បរិស្ថាន៕
ចាន់ វិចិត្រ