ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ ៖ តាមការគ្រោងទុកនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ បុណ្យមាឃបូជានឹងប្រារព្ធធ្វើឡើងជាផ្លូវការ នៅព្រះមហាសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះពុទ្ធបរមគ្រូ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា និងកំណត់បែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ។
ឯកឧត្តម ឈិន កេតនា បានជម្រាបជូនអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យមាឃបូជាឆ្នាំនេះ ឱ្យដំណើរការនិងប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុវត្តតាមវិធានការសុខាភិបាល រដ្ឋបាលរបស់អាជ្ញាធរដែនដី សំដៅបង្ការនិងទប់ស្កាត់ការឆ្លងកូវីត១៩។
សូមជម្រាបជូនថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងវិស័យព្រះពុទ្ធសាសនាហើយប្រទេសដែលគោរពប្រតិបត្តិប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺ ថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៕
ជាវ ចន្ធូ