ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកចិត្ត ខណៈកីឡាករ កីឡាការិនីទ្រហោយំ ក្រោយត្រូវដកចេញពីស៊ីហ្គេម ២០២៣
ភ្នំពេញ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានសម្តែងការខកចិត្ត និងសោកស្តាយ បន្ទាប់ពីត្រូវបានដកចេញពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ បន្ទាប់ពីសហព័ន្ធបានខកចិត្តម្តងរួចមកហើយ នៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយសារបញ្ហាកីឡាករប្រើប្រាស់សារធាតុញៀនក្នុងវីស័យកីឡា។ កាលើកឡើងបែបនេះ ធ្វើក្នុងសន្និសិទសារព័តមាន កាលពីម្សិលមិញ នៅក្លឹបហាត់ប្រាណ អេមី រ៉ាវី ជីម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម រូបនេះ បញ្ជាក់ថា ការខិតខំប្រឹងនេះ គឺត្រូវរលាយតែមួយព្រព្រិចភ្នែកដោយសារតែការបោកបញ្ឆោត ពីអ្នកក្រៅឲ្យកីឡាករប្រើប្រាស់សារធាតុហាមឃាត់ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ កាលពីពេលថ្មីនេះ បន្ទាប់ពីក្រុមការងារគណកម្មការ ដូប៉ា ដូពីង ធ្វើការត្រួតពិនិត្យទឹកនោម កីឡាករដែលឆ្នះមេដាយមាស និងមេដាយប្រាក់។ ការរកឃើញកីឡាករប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យ បានធ្វើឲ្យអន្តរជាតិ និងស្ថាប័នកីឡានៅកម្ពុជា សម្រេចដកឈ្មោះ កីឡាកាយវប្បកម្មចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ត្រឹមតែជាងមួយរយថ្ងៃទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធ និងកីឡាករ បានអំនាវដល់សម្ដេចតេជោ ជួយអន្តរាគមន៍អំពីរឿងនេះផង ដើម្បីឲ្យកីឡាករ កីឡាការិនីផ្សេងៗមិនពាក់ព័ន្ធបានប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ឆ្នាំ២០២៣ក្រោយខកខាន៦៤ឆ្នាំ។
កីឡាករ កីឡាការិនីកាយវប្បកម្ម បានទ្រហោយំ និងសោកស្ដាយខ្លាំងបំផុត ចំពោះការដកចេញពីស៊ីហ្គេមនៅកម្ពុជានេះ បន្ទាប់ពួកគេបានបាត់បង់ក្តីស្រមៃ ឆន្ទៈ ជាពិសេសលះបង់ពេលវេលា ថវិកា ពីការខិតខំប្រឹងហ្វឹកហាត់ជាច្រើនឆ្នាំមកហើយ។ កីឡាករ កីឡាការិនី កាយវប្បកម្ម បានស្នើសុំដល់ថ្នាក់ដឹកនាំជួយដាក់បញ្ចូលកីឡាកាយវប្បកម្មនៅស៊ីហ្គេមវិញ ដើម្បីបានសម្រេចក្ដីស្រមៃ បានបង្ហាញខ្លួនឲ្យកម្ពុជា ក្នុងនាមជាអត្តពលិកម្ចាស់ផ្ទះ ដណ្ដើមមេដាយជូនជាតិ។ ជាមួយគ្នានេះ កីឡាករដែលប្រព្រឹត្តខុសប្រើប្រាស់សារធាតុហាមឃាត់ គឺដាក់បម្រាមពួកគាត់ចុះ ប៉ុន្តែអ្នកដែលមិនបានពាក់ព័ន្ធគួរអនុញ្ញាតិអោយចូលរួមប្រកួតនៅស៊ីហ្គេមវិញ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ថា នឹងដណ្តើមមេដាយជូនជាតិមាតុភូមិឲ្យបាន នៅស៊ីហ្គេម ឆ្នាំ២០២៣នេះ។
ទាក់ទងនឹងបញ្ហា និងលួងលោម កីឡាករអោយប្រើប្រាស់សារធាតុហាមឃាត់នេះ ក្រុមការងារព័ត៌មានទូរទស្សន៍អប្សរា និងរងចាំការបកស្រាយបំភ្លឺ ពីភាគីម្ខាងទៀតនាពេលក្រោយ ដើម្បីផ្តល់ព័ត៌មានជាក់លាក់កុំអោយមានការយល់ច្រឡំពីសាធារណជន ក៏ដូចជាមជ្ឍដ្ឋានអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ថ្មីៗនេះ កីឡាករជម្រើសជាតិ ២រូបត្រូវបានក្រុមការងារ ដូប៉ា ដូពីង ពិនិត្យឃើញថា បានប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា និងបានមកសារភាពប្រាប់សហព័ន្ធថា រូបគេបានប្រើប្រាស់សារធាតុហាមឃាត់ ជាលក្ខណអន្តរជាតិ (ថ្នាំបញ្ចុះជាតិទឹក) ក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ។ ដំណឹងនេះ បានធ្វើគណកម្មការប្រឆាំងសារធាតុហាមឃាត់អន្តរជាតិ និងស្ថាប័នក្នុងស្រុក សម្រេចដកកីឡាកាយវប្បកម្មត្រូវបានដកចេញពីស៊ីហ្គេម ឆ្នាំ២០២៣៕
ចាន់ វិចិត្រ