កម្ពុជាគ្រោងនឹងបញ្ជូនពលករប្រមាណ១៥០០នាក់បន្ថែមទៀត ទៅបម្រើការងារក្នុងវិស័យកសិកម្មនៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៣ នេះ ក្រសួងការងារនឹងជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករ ទៅបម្រើការងារក្នុងវិស័យកសិកម្មនៅប្រទេសកូរ៉េ ប្រមាណ១៥០០ នាក់។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈ កម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានឱ្យដឹង ថា នៅក្នុងឆ្នាំនេះគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករ ទៅបរទេស នឹងជ្រើសរើស បណ្តុះបណ្តាល និងបញ្ចូនពលករ តាមរដូវកាលទៅបម្រើការងារ ក្នុងវិស័យកសិកម្ម ដូចជា ដាំដុះដំណាំ (ប៉េងប៉ោះ ម្ទេស ប៉ោម ទំពាំងបាយជូ សារី) និងចិញ្ចឹមសត្វ (គោ ជ្រូក មាន់)ជាដើម។
ឯកឧត្តមបន្តថាពលករនឹងត្រូវទៅបម្រើការងារក្នុងវិស័យកសិកម្មនៅតាមបណ្តាក្រុង-ស្រុកនៃសាធារណរដ្ឋកូរ៉េក្នុងរយៈពេលប្រាំខែ តាម កម្មវិធីពលកររដូវកាលបរទេស (Foreign Seasonal Workers) មានចំនួនប្រមាណ៥០០នាក់ នឹងចាប់ផ្តើមក្នុងខែមីនា និងចំនួន ១.០០០នាក់ទៀតដោយចាប់ផ្តើមក្នុងខែសីហាខាងមុខនេះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា មុនពេលចេញដំណើរពលករក៏ អាច ដាក់ពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ(EPSTOPIK) ដើម្បី ត្រៀមត្រឡប់មកប្រឡងតេស្តភាសាកូរ៉េវិញ នៅពេលដែល អង្គភាព អភិវឌ្ឍន៍នៃធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ(HRD-Korea) កំណត់កាលបរិច្ឆេទនៃការប្រឡងពិតប្រាកដ ហើយគណៈកម្មាធិការ បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសតែមួយគត់ ដែល មានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី១៦ ខែមករា បានឱ្យដឹងថា កម្មវិធីពលកររដូវកាលបរទេស (Foreign Seasonal Workers) គឺជាកម្មវិធីដែលបំពេញបន្ថែមលើប្រព័ន្ធ អនុញ្ញាតមុខរបរ(EPS) ហើយអាទិភាពត្រូវបានផ្តល់ដល់ បងប្អូនដែល ចេះភាសាកូរ៉េ និងធ្លាក់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ(EPS-TOPIK)កន្លងមក។ លើសពីនេះ ពលករដែលចប់ការងារ៥ខែហើយ ពេលវិលត្រឡប់មកវិញនឹងត្រូវបានផ្តល់អាទិភាពទៅប្រកបការងារនៅក្រុង ស្រុកមួយផ្សេងទៀតដែលមានតម្រូវការ។ ដូចនេះ ជារៀងរាល់ឆ្នាំម្នាក់អាចធ្វើការបានចំនួន១០ខែ។
គួររំលើកផងថា កន្លងមក កម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចូនពលករ ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ជូន ពលករ ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉ តាមកម្មវិធីពលកររ ដូវ កាលបរទេស (Foreign Seasonal Workers)។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ធ្លាប់បានឱ្យដឹងថាពលករកម្ពុជាដែលធ្វើការងារនៅ ក្រៅប្រទេសដោយស្របច្បាប់សរុបមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះនៅប្រទេសថៃចំនួនជាង ១,២២ លាននាក់, កូរ៉េជិត ៤៦ ម៉ឺននាក់, ម៉ាឡេស៊ីជាង ២៣ ម៉ឺននាក់,ជប៉ុនជាង ១១ ម៉ឺននាក់, សិង្ហបុរី ៨២១ នាក់, ហុងកុង ២០២ នាក់ និងអារ៉ាប៊ីសាអ៊ូឌីត ៤៣ នាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើង ក្នុងថ្ងៃខួបលើកទី ១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កន្លងទៅថា តាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើដែលពលករ កម្ពុជាធ្វើការនៅក្រៅប្រទេសបានផ្ញើជូនក្រុមគ្រួសារក្នុងមួយឆ្នាំៗ មានជាច្រើនពាន់លានដុល្លារអាមេរិកដែលតាមរយៈទឹកប្រាក់ទាំងនេះបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់ នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ៕
ដោយ៖ សែម ពិសី