ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣
ភ្នំពេញ៖ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ផែនការ និងដាក់ចេញទិសដៅសំខាន់ៗ សំដៅត្រៀមលក្ខណៈ ឱ្យបានល្អប្រសើរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣” ដែលនឹងរៀបចំឡើងនៅខេត្ត ព្រះសីហនុ នៅខែមេសាខាងមុខនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមករា ដោយមាន ដើម្បីពិនិត្យ និងដាក់ទិសដៅការងារសំខាន់ៗ សំដៅត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុង វិស័យទេសចរណ៍”។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ថោង រដ្ឋសក្តិ បានគូសបញ្ជាក់ថា ៖«វេទិកាទេសចរណ៍មេគង្គ គឺ ជាកម្មវិធីមួយស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ប្រទេស មហាអនុតំបន់មេគង្គ ឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវ បទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ»។
លោកបានបង្ហាញពីរបៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបជាបទបង្ហាញរបស់ អ្នក ជំនាញ អន្តរជាតិលើប្រធានបទចំនួនពីរ រួមមាន ការគិតគូរឡើង វិញពីវិស័យទេសចរណ៍ និង គិតគូរឡើងវិញពីប្រព័ន្ធចំណី អាហារ ក្នុងវិស័យទេសចរណ៍ ។
លោកបន្ថែមថា ក្រៅពីនេះ កម្មវិធីមានរៀបចំកិច្ចពិភាក្សា ចំនួនបីទៀត រួមមាន៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា ,២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បី ការពារ ភពផែនដី និង ៣. ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ ក្នុងវិស័យទេសចរណ៍ ដោយមានមានការចូលរួមពីអ្នក សម្រប សម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន ដែលបានដឹកនាំកិច្ចប្រជុំនោះ ក៏បានផ្តល់អនុសាសន៍គន្លឹះ នានា ដើម្បីត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣រួមមាន រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរ ក្រសួង ដោយចែកតួនាទីនិងភារកិច្ច ឱ្យបានច្បាស់លាស់ សំដៅនាធា ដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និង ដំណើរត្រឡប់វិញ។ ត្រូវរៀបចំទទួលអាហារស្វាគមន៍ និងពិធីលៀង សាយភោជន៍ ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ។ ត្រូវរៀបចំ ដំណើរ ទស្សនកិច្ច (Post-Tour) សម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ច ជាពីរជម្រើសរួមមាន ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញ ទេសចរណ៍លើគោក ក្រោមកិច្ចសហការជាមួយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ និង ទស្សនានិងដកបទពិសោធន៍ សកម្មភាព មុជទឹកបាតសមុទ្រ ក្រោមកិច្ចសហការជាមួយរដ្ឋបាល ក្រុងកោះរ៉ុង និងក្រុមហ៊ុន Khmer Dive Group ដើម្បីជំរុញផលិត ផលទេសចរណ៍បាតសមុទ្រ។ បន្ថែមពីនេះឯកឧត្តម ថោង ខុន បាន ណែនាំដល់មន្រ្តីពាក់ព័ន្ធ ជួយជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី មានប្រសាសន៍ថា តាមរយៈវេទិកានេះពិតជាមានសារៈសំខាន់ សម្រាប់ ប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គដែលនឹង ទទួលបាន ផលប្រយោជន៍ទាំងវិស័យទេសចរណ៍ និងការដឹកជញ្ជូនជាដើម។ លោកថា៖«វេទិកានេះតែងតែមានការប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ អ៊ីចឹងនៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ បានទទួលប្រយោជន៍ មួយចំនួន ជាពិសេស ការផ្សព្វផ្សាយគោលនយោបាយរបស់កម្ពុជាទៅ កាន់ អន្តរជាតិ»៕
ដោយ៖ឡាយ សាមាន