រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន និងមនុស្ស១៧នាក់ផ្សេងទៀតស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

កៀវ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែននិងមនុស្ស១៧នាក់ផ្សេង ទៀតស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។នេះបើតាមការ បញ្ជាក់របស់ អាជ្ញាធរអ៊ុយក្រែននៅពីថ្ងៃពុធទី១៨ខែមករា។

អាជ្ញាធរអ៊ុយក្រែនបញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនោះ សម្លាប់មនុស្សសរុប១៨នាក់ ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការីរបស់លោកដែលរួមមាន អនុរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋ លេខាធិការក្រសួងកិច្ចការផ្ទៃក្នុង ព្រមទាំងកុមារបីនាក់ផង។

មិនទាន់មានការបញ្ជាក់ណាមួយពីហេតុការណ៍ធ្លាក់យន្តហោះនេះថា ជាឧបទ្ទវហេតុឬអំពើរបស់ទាហានរុស្ស៊ីនោះទេ។

ប្រភពពីសារព័ត៌មានកត់សម្គាល់ថា នេះជាករណីសម្លាប់ មន្ត្រីជាន់ ខ្ពស់អ៊ុយក្រែនលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមជាមួយរុស្ស៊ី កាល ពីខែកុម្ភៈឆ្នាំមុន។មន្ត្រីអ៊ុយក្រែននិងប្រព័ន្ធផ្សព្វផ្សាយនានារាយការណ៍ថា ឧទ្ធម្ភាគចក្រ បានធ្លាក់នៅជិតសាលាមត្តេយ្យមួយ។

មន្ត្រីតំបន់និយាយថា មនុស្សសរុប ២៩ នាក់បានរងរបួសក្នុង នោះ មានកុមារ ១៥ នាក់។

អគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែន លោក Andriy Kostin បាននិយាយ នៅលើ Telegram ថា៖ «សេវាសន្តិសុខអ៊ុយក្រែនផ្ដើមស៊ើប អង្កេត ករណីនេះ »។

ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska ស្រក់ទឹកភ្នែក ហើយខ្ទប់ច្រមុះរបស់នាង មុនពេលចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។អ្នកស្រីថា«ថ្ងៃនេះជាថ្ងៃដ៏សោកសៅ»។ ប្រធានវេទិកាលោក Borge Brende បានស្នើសុំភាពស្ងៀមស្ងាត់១៥វិនាទីបន្ទាប់ពីបើក សម័យប្រជុំដើម្បីគោរពដល់មន្ត្រីអ៊ុយក្រែនដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ។

ហេតុការណ៍នេះបានកើតឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយ ប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើអគារផ្ទះល្វែងមួយនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនដែលបានសម្លាប់ជនស៊ីវិល ៤៥នាក់ ក្នុងនោះ មាន កុមារប្រាំមួយនាក់ផង៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner