កម្ពុជាគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០ លាន ដុល្លារក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ក្នុងឆ្នាំ២០២៣ កម្ពុជាគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុង ទំហំទឹកប្រាក់ ៨១៣ពាន់លានរៀល ដែលស្មើនឹងប្រមាណ ២០០ លាន ដុល្លារអាមេរិក បន្ទាប់ពីរដ្ឋបានសម្រេចសាកល្បងបោះផ្សាយ លក់មូលបត្រនេះជាលើកដំបូងកាលពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ រួចមក។ អ្នកជំនាញយល់ថាការនេះ ជាដំណើរល្អ ក្នុងការប្រមូលទុនសម្រាប់ហិរញ្ញវត្ថុរដ្ឋប្រើការលើវិនិយោគសាធារណៈ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន នៅ ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៣ ជុំវិញផែនការបោះផ្សាយលក់មូលបត្រ រដ្ឋក្នុងឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ចំនួន ៨១៣ ០០០ ០០០ ០០០ រៀល(៨១៣ពាន់លានរៀល) ឬស្មើនឹង ២០០លានដុល្លារ ក្នុងគោល ដៅពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជា ពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងៗ របស់រដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា មូលបត្ររដ្ឋដែលនឹងបោះផ្សាយ លក់ ក្នុងឆ្នាំ២០២៣ នេះគឺ ក្នុងមួយបណ្ណមានតម្លៃ មួយលានរៀល, ប្រភេទ អត្រាគូប៉ុងថេរ, ការទូទាត់គូប៉ុងរៀងរាល់ប្រាំមួយខែម្ដង គិតចាប់ពីថ្ងៃបោះផ្សាយ, គម្លាតនៃការបោះផ្សាយ មានរយៈពេល បួនសប្ដាហ៍។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល៖ «ប្រភេទមូលបត្រឥណ ប្រតិទានដែលមានចំនួនប្រាំប្រភេទរួមមាន៖ ១ឆ្នាំ ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ និង១៥ឆ្នាំ។ ប្រភេទប្រតិទាន ១ឆ្នាំបោះផ្សាយចំនួន៣ដង ក្នុងទំ ហំ បោះ ផ្សាយចំនួន ២០០ពាន់លានលានរៀល។ ប្រតិទាន២ឆ្នាំ បោះ ផ្សាយ ចំនួនពីរដង ក្នុងទំហំបោះផ្សាយចំនួន ១២០ពាន់លានរៀល។ ប្រតិទាន ៣ឆ្នាំ បោះផ្សាយចំនួន៣ដង ក្នុងទំហំបោះផ្សាយចំនួន ២០០ពាន់លានរៀល។ ប្រតិទាន៥ឆ្នាំ Private Placement (អាស្រ័យលើការកំណត់ដោយឯកជន) ។ ប្រតិទាន ១០ឆ្នាំ បោះផ្សាយ ចំនួនពីរដង ក្នុងទំហំបោះផ្សាយចំនួន ៤០ពាន់លានរៀល និងប្រតិទាន១៥ឆ្នាំ បោះផ្សាយចំនួនពីរដង ក្នុងទំហំបោះផ្សាយចំនួន ៤០ពាន់លានរៀល»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតគី សេរីវឌ្ឍន៍ នាយកនៃ មជ្ឈមណ្ឌល សិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យ សភា កម្ពុជាពន្យល់ថា ការបោះផ្សាយមូលបត្ររបស់រដ្ឋមានគោល ដៅ ពីរយ៉ាងរួមមាន៖ទី១ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍ លើវិស័យ ហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រ នៅកម្ពុជាឱ្យមានការលូត លាស់ដើម្បីបង្កើនទំហំប្រាក់សន្សំនៅក្នុងស្រុក។ ទី២ ជាការ ស្វះស្វែងប្រមូលកម្ចីនៅក្នុងស្រុកជាជាងកម្ចីនៅក្រៅស្រុក ឬកម្ចី បរទេស ដែលក្នុងទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គេត្រូវការបង្កើនចំណូលថវិការដ្ឋ ឬហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល ដើម្បីបង្វិលជាហិរញ្ញប្បទានក្នុងទិសដៅកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ គូសបញ្ជាក់ថា៖« ការបោះផ្សាយមូលបត្រ របស់រដ្ឋនេះ គឺមានគោលដៅខ្ចីលុយពីប្រជាពលរដ្ឋនៅក្នុងស្រុក ដើម្បី យកមកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋប្រើសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។អ៊ីចឹងការបោះផ្សាយមូលបត្រក្នុងស្រុកនេះ រដ្ឋាភិបាល បង្វែរទិសដៅយកការប្រាក់ជូនប្រជាពលរដ្ឋវិញ ជាជាង ខ្ចីលុយពីបរទេស »។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ បញ្ជាក់ថា ការបោះផ្សាយមូលបត្ររបស់ រដ្ឋគឹអាស្រ័យទៅលើតម្រូវការហិរញ្ញវត្ថុជាក់ស្តែងរបស់រដ្ឋ ទោះបីវា មានការថមថយចុះពី ៣០០លានដុល្លារ មកត្រឹម ២០០លានដុល្លារក្តី ក៏វាមិនបង្ហាញពីភាពបរាជ័យ ឬមិនឆ្លុះបញ្ចាំងលើវិស័យទីផ្សាយ មូលបត្រ ក្នុងស្រុកនោះឡើយ ដែលការបោះផ្សាយលើកដំបូង កាល ពីឆ្នាំ២០២២ ជាការស្ទាបស្ទង់មួយរបស់រដ្ឋលើតម្រូវការ និង ការ ផ្គត់ផ្គង់មូលបត្រក្នុងស្រុកប៉ុណ្ណោះ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ សង្កេតឃើញថា ការបោះផ្សាយមូលបត្រ នៅក្នុងស្រុករបស់កម្ពុជា ក៏ដូចជាមូលបត្ររបស់រដ្ឋ កំពុងវិវត្តទៅ រកភាពវិជ្ជមាន ដែលជាជំហានមួយនៃការចាប់ផ្តើម បើកាលណា ការបោះផ្សាយនេះកាន់តែរលួនពីមួយឆ្នាំទៅមួយឆ្នាំ នឹងជួយឱ្យ វិស័យនេះកាន់តែរីកចម្រើនថែមទៀតសម្រាប់កម្ពុជា។
សម្រាប់លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបរបស់កម្ពុជា បានលើកឡើងថា ការបោះផ្សាយមូលបត្ររដ្ឋនេះ ឬមូលបត្រ សាធារណៈ ជាមធ្យោបាយមួយដែលរដ្ឋាភិបាលអាចប្រមូលទុន ដើម្បីយកទៅវិនិយោគសាធារណៈ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ដែលជាផ្នែក មួយនៃដំណើរការអភិវឌ្ឍជាតិ។
សម្រាប់លោក ង៉ែត ជូ បន្ថែមថា ការបោះផ្សាយមូលបត្ររដ្ឋ ក្នុង ពេលដំបូងៗ ដែលទើបចាប់ផ្តើមពីឆ្នាំ២០២២ កន្លងទៅនេះ បើ សិនជាទទួលបានលទ្ធផលចាប់ពី ៦០ភាគរយទៅ៧០ភាគរយ គឺមានន័យថា ទទួលបានជោគជ័យទៅហើយ។
គួររំឭកថា រដ្ឋាភិបាលកម្ពុជា បានសម្រេចរបោះលក់មូលបត្រ រដ្ឋ ជា លើកដំបូងរបស់ខ្លួន កាលពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ៣០០ លាន ដុល្លារ ដែលមូលបត្ររដ្ឋលើកដំបូងនេះ ត្រូវបានធនាគារ ជាតិនៃ កម្ពុជា ដាក់ឱ្យដេញថ្លៃចំនួនប្រាំលើកទៅហើយ ដែលលទ្ធផលនៃការ ចូលរួមដេញថ្លៃ នៅមានកម្រិតនៅឡើយ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា