នគរបាលត្រៀមកម្លាំងជាង១ពាន់៥០០នាក់ការពាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបុណ្យចូលឆ្នាំចិន (Video Inside)

នគរបាលបានត្រៀមពង្រាយកម្លាំងជាង១ពាន់៥០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ខណៈបុណ្យចូលឆ្នាំចិន និងវៀតណាម ជិតឈានមកដល់ខាងមុខនេះ។

បុណ្យចូលឆ្នាំចិន និងវៀតណាម នឹងមានពីថ្ងៃទី២១ដល់២៤មករាឆ្នាំ២០២៣ ដែលបុណ្យចូលឆ្នាំចិននាពេលនេះ គឺជាលើកដំបូងដែលប្រទេសចិនទើបបានបើកព្រំដែនរបស់ខ្លួន ដែលនឹងមានអ្នកដំណើរទេសចរណ៍ចិនរាប់លាននាក់នឹងធ្វើដំណើរចេញមកក្រៅប្រទេស ដើម្បីជួបជុំសាច់ញាតិ ក្រោយការអាក់ខានប្រមាណ៣ឆ្នាំកន្លងមកដោយសារតែវិបត្តិឆ្លងនៃជម្ងឺ កូវីដ១៩។

នៅក្នុងអតីតកាលរបបខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ អ្នកមានសែស្រឡាយជាតិចិន និងជនបរទេស បានក្លាយជាមុខព្រួញនៃគោលដៅកម្ទេចចោលរបស់របបកម្ពុជាប្រទេសធិបតេយ្យប៉ុលពត។ សែស្រឡាយចិន បានរីកដុះដាលឡើងវិញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។

សេចក្តីរាយការណ៍បានប៉ាន់ប្រមាណថានៅក្នុងប្រទេសកម្ពុជា អ្នកមានសែស្រឡាយជាតិចិនមានប្រមាណ១ភាគរយ នៃពលរដ្ឋទូទាំងប្រទេសដែលក្នុងនោះរួមមានរស់នៅ ក្នុងខេត្តព្រះសីហនុប្រមាណ១៨ម៉ឺននាក់ផងដែរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងមកដល់នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងសមត្ថកិច្ចពង្រាយជាង ១ពាន់៥០០ នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។

ads banner