អាជ្ញាធរទទួលបណ្តឹង៣ស្វែងរកការជួយសង្គ្រោះបរទេសចំនួន១០នាក់ (Video Inside)
សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង៣ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ១០នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជាបាននិងកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាប អំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៨មករានេះថា មានសំណើ៣ករណីដែលស្នើឱ្យអាជ្ញាធរជួយសង្រ្គោះជនជាតិហ្វីលីពីនចំនួន១០នាក់។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុស ច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២នោះមក។
គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៧០៤ករណី ជាមួយមនុស្ស ១ពាន់៧២០នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៤៤២សំណើ, បិទសំណុំរឿង២៣២សំណើ, រកឃើញ១ពាន់៦៨ នាក់, ឃាត់ខ្លួន១២០នាក់, បិទក្រុមហ៊ុន៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ ទីតាំង។