ផ្ទះ២៧ខ្នងតាមព្រែកថី ក្នុងក្រុងតាខ្មៅត្រូវរុះរើ ដើម្បីបញ្ចៀសការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង (Video Inside)
ពលរដ្ឋដែលផ្ទះចំនួន២៧ខ្នងនៅតាមព្រែកថីក្នុងក្រុងតាខ្មៅ បានស្ម័គ្រចិត្តរុះរើចេញ ដើម្បីបញ្ចៀសការបាក់ស្រុត។ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល បានរងនឹងជំនន់ ទឹកភ្លៀងនៃរដូវប្រាំង ដែលទើបកើតមានលើកដំបូងមិនធ្លាប់ជួបប្រទះ។
អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក យី វណ្ណដា បានថ្លែងឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានពលរដ្ឋចំនួន ២៧គ្រួសារដែលរស់នៅ តាមសងខាងព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស័្មគ្រចិត្តរុះរើចេញ ដើម្បីបញ្ចៀស ការបាក់ស្រុតផ្ទះចូលក្នុងទឹក។
លោកវរសេនីយ៍ឯក យី វណ្ណដា បានថ្លែងថា ពលរដ្ឋនៅសងខាងព្រែកបានស្ម័គ្រចិត្តរុះរើ និងកងកម្លាំងរបស់លោកបានជួយរុះរើ ដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បត្តិ។
អធិការនគរបាលក្រុងតាខ្មៅបានបន្តថា ករណីបាក់ស្រុតផ្ទះពលរដ្ឋរស់នៅតាមព្រែកថីនេះ គឺបណ្តាលមកពីទឹកហូរខ្លាំង ដែលហូរពីសណ្តព្រែកត្នោត និងពីកំពង់ស្ពឺ នាំឱ្យហូរច្រោះដី។
យោងតាមអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម កុលមុនី ករណីបាក់ច្រាំងព្រែកនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកើតឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយបណ្តាលឱ្យផ្ទះចំនួន៦ បានបាក់ស្រុតចូលទៅក្នុងទឹកខូចខាតទាំង ស្រុង សរុបផ្ទះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ៦១ខ្នង។
កាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានយកអំណោយ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះ ដោយការបាក់ស្រុតផ្ទះតាមមាត់ច្រាំងព្រែកថី ចំនួន ៧៧គ្រួសារ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ក្នុងនោះមានអំណោយមនុស្សធម៌ អង្ករ២៥ គីឡូក្រា មី ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹក ត្រី១យួរ ត្រីខ ២យួរ ទឹកសុទ្ធ ១កេស ម៉ាស ១ដុំ អាវរងា កៅស៊ូតង់ចំនួន១ និងថវិកា ២០ម៉ឺន រៀល៕