ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ មន្ទីរពេទ្យ «តេជោសន្ដិភាព»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់។
សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ។ អគារសម្រាកព្យាបាលកម្រិតស្រាល សរុបគ្រែអ្នកជំងឺពីអគារ (H1 ដល់ H7) មានចំនួន ៩,៤៩៦គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ, គ្រែបុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
អគារនេះ ក៏មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧,០២៦ម៉ែត្រការ៉េ ចតរថយន្តបានចំនួន២១០គ្រឿង។ សួនច្បារ (G3) មានសួនបៃតង ៤,៤៩០ម៉ែត្រការ៉េ។ អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ ។ សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1,T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណី មាន ជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ ៕ ដោយ វណ្ណលុក