កម្ពុជាដាក់គោលដៅ បញ្ចប់ការឆ្លងរាតត្បាតជំងឺរបេង ត្រឹមឆ្នាំ២០៣០
ភ្នំពេញ ៖ ស្ថាប័ន ក្រសួងពាក់ព័ន្ធជាង ១០ និងអង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិប្រមាណជា ២០ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ រយៈពេល២ នៅសណ្ឋាគារភ្នំពេញ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ ដើម្បីប្រមូលធាតុចូសំខាន់ៗជុំវិញការទទួលខុសត្រូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកឈានទៅបញ្ចប់ការរាតត្បាតជំងឺរបេងត្រឹមឆ្នាំ២០៣០ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការKHANA ឲ្យដឹងថា ការជួបគ្នារយៈពេល២ថ្ងៃនេះ ប្រធានបទសំខាន់ៗដែលភាគីពាក់ព័ន្ធទាំងអស់បានលើកយកមកជជែកពិភាក្សាគ្នារួមមានស្ថានភាពជារួមអំពីការរាលត្បាតជំងឺរបេងទាំងនៅកម្រិតសកលទាំងនៅកម្រិតថ្នាក់ជាតិក្នុងប្រទេស ស្តីអំការវិឌ្ឍនិងបញ្ហាប្រឈមក៏ដូចជាស្ថានភាពការឈឺនិងការស្លាប់អ្នកជំងឺរបេង ពិសេស ក្នុងបរិបទការរីករាលដាជំងឺកូវីដ១៩ ហើយក៏ជជែកពិភាក្សាផ្តោតថាតើជំងឺរបេងមានរបៀបវិរៈជាប់ពាក់ព័ន្ធអ្វីខ្លះជាមួយនយោបាយនិងគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ។
លោក ជំទាវ មាន សំអាត ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា មានប្រសាសន៍ថា លទ្ធផលដែលទទួលបានពីកិច្ចពិគ្រោះយោបល់ថ្ងៃនេះ នឹងត្រូវបានប្រើប្រាស់ជាធាតុចូលដ៏សំខាន់ សម្រាប់ដាក់បញ្ចូលទៅក្នុងឯកសារគោលក្របខណ្ឌគណនេយ្យភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេងនៅកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាផែនទីចង្អុលផ្លូវ ដល់វិស័យ និងភាគីពាក់ព័ន្ធ ក្នុងការធ្វើផែនការអនុវត្ត ផែនការពិនិត្យតាមដាន និងវាយតម្លៃ និងការវិនិយោគសមស្របរបស់វិស័យទាំងនោះ ដើម្បីដាក់បញ្ចូលបញ្ហាជំងឺរបេងទៅក្នុងផែនការស្នូល និងបៀបវារៈអាទិភាពរបស់ខ្លួន។
លោក ជំទាវ លើកឡើងទៀតថា គំនិតផ្តួចផ្តើមនៃកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ពិតជាបានចូលរួមគាំទ្រ និងឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាពិលោកកំចាត់រោគរបេង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមប្រធានបទ”វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្រ្គោះជីវិត” ដែលបានអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពួតដៃគ្នា ដើម្បីរួមចំណែក និងគាំទ្រដល់ការលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ លើកកម្ពស់សុខមាលភាពរបស់នៅរបស់ប្រជាពលរដ្ឋ ហើយបន្ថែមពីនេះ ក៏រួមចំណែកលើកកម្ពស់ផ្នែកសេដ្ឋកិច្ច សេចក្តីថ្ងៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់ប្រទេសកម្ពុជាយើងផងដែរ។
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់ឱ្យប្រទេសកម្ពុជាយើង ចាប់ផ្តើមគិត ចាប់ផ្តើមធ្វើ និងចាប់ផ្តើមពិនិត្យតាមដានលើការឆ្លើយតបជំងឺរបេង ជាលក្ខណៈពហុវិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រនិងទូលំទូលាយ និងការរួមចំណែកទទួលខុសត្រូវរួមគ្នា ចំពោះប្រសិទ្ធភាព ប្រសិទ្ធផល និងគុណភាពនៃការឆ្លើយតបជំងឺរបេងនាពេលនេះ និងអនាគត៕ រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ