សម្ដេចក្រឡាហោម ស ខេងបានអនុញ្ញាតជូន ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ភ្នំពេញ ៖ ក្នុងអនុញ្ញាតឱ្យ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃពុធទី ១៨ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ និងចូលរួមអបអរសាទរដែល ឯកឧត្ដមត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ សម្ដេចក៏ថ្លែងអំណរគុណអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា។
សម្ដេចក្រឡាហោម បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិបេសកកម្មការងារនេះ ឯកឧត្តមនឹងបន្តរួមចំណែកណាធ្វើឲ្យកាន់តែរីកចម្រើនឡើងទៀតនូវភាពជាដៃគូល្អជាមួយក្រសួងមហាផ្ទៃ។
ជាការឆ្លើយតបឯកឧត្តម Joseph Scheuer បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានវាយតម្លៃនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការជាសមាជិកក្រុមគ្រួសាររបស់ UN ដូចជា UNDP UNESEF និងអង្គការ IOM ។
ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់អង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការសកម្មភាព នានាដែលអង្គការសហប្រជាជាតិបានដាក់ចេញ និងត្រៀមអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមវិស័យនានា ដែលទីភ្នាក់ងារ UN មានកិច្ចសហការជាមួយស្ថាប័នទាំងនោះ ។
ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចការសំខាន់ចំនួន៣ រួមមាន ទី១-ពាក់ព័ន្ធទៅនឹងការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី២-ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងទី៣-ពាក់ព័ន្ធទៅនឹងបញ្ហានៃការជួញដូរមនុស្ស។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តឈានមកដល់កម្មវិធីជាតិដំណាក់កាលទីពីរ ហើយនៅក្នុងកម្មវិធីដំណាក់កាលទីពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើបញ្ហាសំខាន់ គឺការបន្តផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ និងការបន្តអភិវឌ្ឍន៍នូវធនធានមនុស្សសម្រាប់អនុវត្តទទួលនូវការអនុវត្តកិច្ចការដែលបានផ្ទេរទៅ ៕ ដោយ-រ៉ាវុធ