អធិការបតីអាល្លឺម៉ង់ ប្តេជ្ញាឆ្ពោះទៅរកអព្យាក្រឹត អាកាសធាតុនៅឆ្នាំ ២០៤៥
ដាវ៉ូស៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកអព្យាក្រឹតអាកាសធាតុនៅឆ្នាំ ២០៤៥ ហើយសេដ្ឋកិច្ចអព្យាក្រឹតអាកាសធាតុ គឺជា “ភារកិច្ចស្នូលនៃសតវត្សរបស់យើង”។
លោក សូលស៍ បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ថា ការផ្លាស់ប្តូររបស់អាល្លឺម៉ង់ឆ្ពោះទៅរកសេដ្ឋកិច្ចអព្យាក្រឹតអាកាសធាតុ កំពុងដំណើរការលើ “ថាមវន្តថ្មីទាំងស្រុង”។ លោកថា វិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់នឹងនៅតែរឹងមាំ បន្ទាប់ពីគោលដៅអព្យាក្រឹតអាកាសធាតុត្រូវបានសម្រេច។
លោក សូលស៍ បន្តថា នៅឆ្នាំ ២០៣០ អគ្គិសនីចំនួន ៨០ភាគរយនៃប្រទេសអាល្លឺម៉ង់នឹងត្រូវបានបង្កើតឡើងពីប្រភពកកើតឡើងវិញ ដែលនឹងកើនឡើងទ្វេដងនៃកម្រិតបច្ចុប្បន្ន។ បន្ថែមលើនេះ អាលឺ្លម៉ង់ក៏នឹងវិនិយោគ ៤០០ពាន់លានអឺរ៉ូ ឬប្រហែល ៤៣២ពាន់លានដុល្លារ សម្រាប់ការពង្រីកថាមពលកកើតឡើងវិញនៅចន្លោះពេលនេះដល់ឆ្នាំ ២០៣០ខាងមុខផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា