សហព័ន្ធវាយកូនបាល់អាស៊ី ធ្វើដំណើរមកចែករំលែកបទពិសោធន៍ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម
ភ្នំពេញ ៖ លោកប្រធាន Kitsombat Euammongkol រួមដំណើរជាមួយ លោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូយោបល់ ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ នាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ដែលជិតឈានចូលមកដល់ នាកំឡុងខែឧសភា ខាងមុខ ។
កាលពីរសៀលថ្ងៃទី១៨ ខែមករា នាពហុកីឡដ្ឋានអូឡាំពិក សហព័ន្ធវាយកូនបាល់កម្ពុជា ក៏បានរៀបចំពិធីទទួលស្វាគមន៍ ដំណើរមកដល់ របស់តំណាងសហព័ន្ធវាយកូនបាល់អាស៊ី និងបានធ្វើការសំណេះសំណាល ជាមួយកីឡាករ កីឡាការិនីកម្ពុជាផងដែរ ។
ក្នុងឱកាសនោះលោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អោយដឹងថា គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកនេះ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈសម្បត្តិទីលាន អោយស្របតាមស្តង់ដា បច្ចេកទេសនៃការប្រកួតកម្រិតអន្តរជាតិ ចែករំលែកបទពិសោធន៍ក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអោយកម្ពុជាសម្រេចបានជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខ ។
ប្រធានសហព័ន្ធវាយកូនបាល់អាស៊ី រូបនេះបញ្ជាក់ទៀតថា សម្រាប់កីឡាវាយកូនបាល់នេះ គឺជាកីឡាមួយដែលពិបាកក្នុងការយកជ័យជម្នះ ព្រោះយើងត្រូវធ្វើការហ្វឹកហាត់ច្រើនម៉ោងក្នុងមួយថ្ងៃ ហើយយើងត្រូវធ្វើការប្រកួតជាមួយប្រទេសច្រើន ដើម្បីដណ្តើមបានមេដាយមាសមួយគ្រឿង ដូច្នេះខ្ញុំសង្ឃឹមថា កីឡាករកីឡាការិនីកម្ពុជា អាចទទួលបានមេដាយ ប្រសិនបើ ពួកគាត់ព្យាយាមហ្វឹកហាត់ ។
ជាមួយគ្នានោះ លោកទេព រិទ្ធិវិទ្ធ អគ្គលេខា ធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឱ្យដឹងថាតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់អាស៊ី យើងសង្ឃឹមថា នឹងបាននូវការចែករំលែកចំណេះដឹង បទពិសោធពីគាត់ ។ ដោយសារពួកគាត់ ធ្លាប់បានចូលរួម ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេមកន្លងមកជាច្រើន ហើយពួកគាត់បានឃើញ ពីចំណុចខ្វះខាត មួយចំនួន ដូច្នេះអ្វីដែលពួកគាត់ មកថ្ងៃនេះ គឺក្នុងគោលបំណងផ្ដល់ឱ្យកម្ពុជា កែកុនចំណុចទាំងនោះ ដើម្បីឱ្យយើងរៀបចំធ្វើម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ នាអំឡុងខែឧសភាខាងមុខនេះ ។
លោក ទេព រិទ្ធិវិទ្ធ បញ្ជាក់ថា «ខ្ញុំយល់ឃើញថាទី១ យើងត្រូវតែស្វាគមន៍វត្តមាន របស់ប្រធានសហព័ន្ធ វាយកូនបាល់អាស៊ី ចំណែករឿងទី២ យើងស្វាគមន៍ការពិសោធ របស់គាត់ ដោយសារប្រទេសថៃ ធ្លាប់បានធ្វើស៊ីហ្គេម ច្រើនដងមកហើយ ។ ដោយសារយើងមានឱកាស ដូចពាក្យស្លោកមួយលើកឡើងថា យើងមិនមានឱកាសលើកទី២នោះទេ ដែរអាចបង្ហាញស្នាដៃយើង ដូចនេះហើយសហព័ន្ធកីឡាវាយកូនបាល់របស់យើងយល់ឃើញថា ប្រទេសណាមួយដែលមានការពិសោធ នៅក្នុងកម្មវិធីស៊ីហ្គេម ឬក៏កម្មវិធីផ្សេងៗលំដាប់អន្តរជាតិ សហព័ន្ធវាយកូនបាល់យើង ត្រូវទទួលស្គាល់ការពិសោធនេះ យើងត្រូវតែស្វែងរក ទទួលយកមេរៀនពីគេ មកកែលម្អ ដើម្បីឲ្យខ្លួនយើងទទួលបាន លទ្ធផលជោគជ័យ ។ ដូច្នេះយើងត្រូវតែឆ្លៀតយកឱកាសនេះ ព្រោះឱកាសមានតែមួយគត់ អាស្រ័យហេតុនេះហើយទើបយើង ស្វាគមន៍ជានិច្ច ចំពោះការពិសោធរបស់ប្រទេសជិតខាង »៕ដោយ:ជាវ ចន្ធូ