អ៊ុយក្រែន តែងតាំងរដ្ឋមន្រ្តីមហាផ្ទៃស្តីទី បន្ទាប់ពីរដ្ឋមន្រ្តីចាស់ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ នៅក្បែរទីក្រុងកៀវ
កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននី ស្មីហែល ថ្លែងថា រដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានតែងតាំងអគ្គស្នងការប៉ូលិសជាតិអ៊ុយក្រែន លោក អ៊ីហ្គ័រ ឃ្លីមិនកូវ ជារដ្ឋមន្ត្រីមហាផ្ទៃស្តីទីអ៊ុយក្រែន។
ការតែងតាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក ដេនីស ម៉ូណាស្ទីស្គី ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងថ្ងៃពុធសប្តាហ៍នេះ។
ឧទ្ធម្ភាគចក្រធុន EC 225 Super Puma បានធ្លាក់កាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅជិតសាលាមត្តេយ្យមួយកន្លែងក្នុងសង្កាត់ ប្រូរ៉ារី ជាទីប្រជុំជនមួយនៅជាយរដ្ឋធានីកៀវ បណ្តាលឱ្យមានអគ្គីភ័យឆាបឆេះនៅលើផ្ទៃដី ៥០០ម៉ែត្រការ៉េ។
ការធ្លាក់នេះបានសម្លាប់មនុស្សទាំង៩នាក់នៅលើឧទ្ធម្ភាគចក្រ រួមទាំងលោក ម៉ូណាស្ទីស្គី រួមទាំងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ទៀតរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន។
ទិន្នន័យចុងក្រោយបំផុតពីសេវារដ្ឋសម្រាប់គ្រាអាសន្ន បានបង្ហាញថា មនុស្ស ១៤នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ។
មុននេះ មន្ត្រីបានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១៨នាក់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយថា រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះខាងលើនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា