លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ របស់ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
លោកជំទាវបានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នា ក្នុងការអនុវត្តការងារទទួលបានជោគជ័យគួរជាទីមោទនៈ ។ លោកជំទាវក៏បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចំណេះដឹង និងសមត្ថភាព តាមរយៈ ការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំ ផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានទូលំទូលាយ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរបស់ជាតិ សំដៅជៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។
លោកជំទាវបានបន្តទៀតថា ៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នាដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ ៕ ដោយ ថេត វិចិត្រ+ហេងសម្បតិ្ត