សម្ដេចតេជោ ហ៊ុន សែន៖ ការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ផ្តើមចេញពីបទពិសោធន៍នៅពេលកូវីដ១៩ រាតត្បាត កាលពីឆ្នាំ២០២០-២០២១
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាពគឺផ្តើមចេញពីបទពិសោធន៍នៃការ ឈឺចាប់របស់យើងកាលពីឆ្នាំ ២០២០- ២០២១ នៅពេលកូវីដ១៩រាតត្បាត ហើយ វាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងទៅនឹងបញ្ហាសុខមាលភាពរបស់ប្រជាជនផងដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីយើងសាងសង់មន្ទីរពេទ្យដ៏ធំនេះ បទពិសោធន៍នៃការឈឺចាប់របស់យើងកាលពីឆ្នាំ២០២០-២០២១ បានផ្ដល់បទពិសោធន៍ឱ្យយើងត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការដែលយើងត្រូវធ្វើជៀសវាងមិនបាន ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើង ទាក់ទងទៅនឹងបញ្ហាសុខមាលភាពរបស់ប្រជាជនផងដែរ ។
សម្តេចតេជោ បានបន្តថា ឆ្នាំ២០២០-២០២១ យើងមានការលំបាកណាស់ យើងមិនមានមន្ទីរពេទ្យសម្រាប់ដាក់អ្នកដែលឆ្លងជំងឺកូវីដ១៩ សម្រាប់ព្យាបាល យើងបានខ្ចីទីតាំងរបស់វិស័យឯកជន ដើម្បីដាក់អ្នកជំងឺដូចជា៖ កោះពេជ្រ សណ្ឋាគារ និងអគារសែនសុខ ហើយយើងបានប្រឹងធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នកដែលឆ្លងកូវីដ ដេកផ្ទាល់នឹងដី ដែលយើងបានប្រឹងប្រែងទិញយកមន្ទីរពេទ្យ ឥឡូវនេះហៅថា មន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីជំងឺកូវីដ១៩ ហើយនោះ នឹងប្រើមន្ទីរពេទ្យនេះ សម្រាប់ឯកទេសជំងឺមហារីក ។
សម្តេចបានមានប្រសាសន៍ទៀតថា ការលំបាកទាំងនោះ គឺផ្ដល់មេរៀនឲ្យយើងដែលសម្រាប់ការ គ្រប់គ្រងសភាពការណ៍ ប្រសិនជាមានការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ យើងមានមន្ទីរពេទ្យហើយសម្រាប់គោលដៅវែងទៅមុខទៀត បញ្ហាសុខមាលភាពរបស់ប្រជាជន គឺជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពដែលយើងត្រូវដោះស្រាយបញ្ហានេះ សម្រាប់ការពិនិត្យ និងព្យាបាលប្រជាជនរបស់យើង ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ការកសាងមន្ទីរពេទ្យនៅទីនេះ មានសមត្ថភាពទទួលរហូតដល់ជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យថំជាងគេទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបើប្រៀបធៀបនឹងមន្ទីរពេទ្យខ្មែរ-សូវៀត គឺវាធំជាង ១០ដងនៃមន្ទីរពេទ្យខ្មែរ-សូវៀត ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវមោទនភាព ដោយសារតែប្រជាពលរដ្ឋដែលកើតជំងឺកូវីដ មិនបានដេកផ្ទាល់នឹងដី ហើយអ្នកដែលស្លាប់ ក៏មិនខ្វះក្តារមឈូសសម្រាប់ដាក់ ៕ ដោយ វណ្ណលុក