ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ កន្លងទៅនេះ
ប្រទេសស្វីស៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅ ដែលកម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន “ASEAN Green Deal” ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន (Carbon Neutrality)។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោងផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន “Paris Agreement” និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងកាតព្វកិច្ចចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ កាលពីថ្ងៃតី១៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញចូលរួមកម្មវិធីពិសារអាហារពេលល្ងាច រៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន “ASEAN’s Green Promise” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនានាលើពិភពលោក ដែលនឹងចែករំលែកគំនិតយោបល់លើការប្រយុទ្ធប្រឆាំងនឹងការបំរែបម្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីកម្ពុជា ជាប្រទេសបំភាយឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង កម្ពុជាបានបែងចែកនូវកញ្ចប់ថវិកាមួយចំនួនសម្រាប់បម្រើឱ្យសកម្មភាពនានាពាក់ព័ន្ធនឹងអាកាសធាតុ និងបានដាក់រួមបញ្ចូលគ្នានូវថាមពលកកើតឡើងវិញនៅក្នុងវិស័យថាមពលចម្រុះផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ននេះ កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសដែលមានអព្យាក្រឹត្យភាពកាបូន ៕ ង៉ាន់ ទិត្យ