សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យរើសពេទ្យ ២០០នាក់បន្ថែម ដើម្បីធ្វើការនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យជ្រើសរើសគ្រូពេទ្យបន្ថែមចំនួន ២០០នាក់បន្ថែមទៀត ដោយជ្រើសរើសតាមរយៈការប្រឡងចូល ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជ្រើសរើសគ្រូពេទ្យបន្ថែមនេះ ត្រូវតែធ្វើតាមនីតិវិធីឲ្យបានត្រឹមត្រូវ ហើយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្ដល់សម្រាប់បៀវត្ស នៅពេលដែលមានការប្រឡងប្រជែងចូលក្របខ័ណ្ឌ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យជ្រើសរើសយកមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់បន្ថែមទៀត ដែលបម្រើសេវាកម្មទៅលើការបើកបរ ការសម្អាត និងការងារផ្សេងៗរបស់មន្ទីរពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគទៅលើផ្នែកសុខាភិបាល និងវិស័យអប់រំយើងត្រូវតែធ្វើ ។ កាលណា ការផ្ដោតលើវិស័យហ្នឹង គឺវាល្អវិញទេសម្រាប់ប្រទេសមួយ។ ចាប់ពីពេលនេះទៅ គឺវិស័យសុខាភិបាល និងងអប់រំ គឺត្រូវបានចាត់ទុកវាអាទិភាពជាងគេ ៕ ដោយ វណ្ណលុក