អង្គការណាតូ ត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយរបស់រុស្ស៊ី នៅអ៊ុយក្រែន

ណាតូ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អគ្គលេខាធិការរងនៃ អង្គការ ណាតូ (NATO) លោក Mircea Geoana បានថ្លែង ប្រាប់ទៅកាន់មេបញ្ជាការយោធាកំពូលៗដែលមកពីទូទាំងទ្វីបអឺរ៉ុបថា រុស្ស៊ីកំពុងរៀបចំគម្រោងធ្វើសង្រ្គាមអូសបន្លាយកាន់ តែយូរ ដូច្នេះអង្គការណាតូត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេច ក្នុង ដំណើរដ៏វែងឆ្ងាយទៅថ្ងៃខាងមុខ និងបន្តគាំទ្រដល់ អ៊ុយក្រែន គ្រប់កាលៈទេសៈដែលប្រទេសមួយនេះត្រូវការជំនួយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំមេបញ្ជាការយោធា អគ្គលេខាធិការរង រូបនេះបាននិយាយថា បណ្ដាប្រទេសសមាជិកអង្គការណាតូ ត្រូវតែ វិនិយោគបន្ថែមទៀតលើវិស័យការពារជាតិ បង្កើនការ ផលិត ឧស្សាហកម្មវិស័យយោធា និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមនាពេលអនាគត។

គួរបញ្ជាក់ថា រយៈពេលនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានខិតជិតដល់មួយឆ្នាំហើយ។ដូច្នេះគេមើលឃើញថា ថ្នាក់ ដឹកនាំអង្គការណាតូកំពុងបង្កើនកិច្ចពិភាក្សាអំពីវិធីសាស្ត្រដែលសម្ព័ន្ធមិត្តទាំងអស់អាចធ្វើការបញ្ជូនសព្វាវុធបន្ថែមទៀតរួមទាំងផ្ដល់ការហ្វឹកហ្វឺន និងការគាំទ្រដល់អ៊ុយក្រែនឱ្យបានច្រើន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាពិសេស ធ្វើយ៉ាងណា ដើម្បី ឱ្យអ៊ុយក្រែនអាចពង្រឹងការការពារខ្លួនបានប្រកប ដោយ ប្រសិទ្ធភាពជាងមុន។ លោក Geoana បានមានប្រសាសន៍ថា ៖ «យើងមិនដឹង ច្បាស់នោះទេ ថាតើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានផ្លាស់ប្ដូរគោលដៅរបស់ខ្លួន ឬក៏យ៉ាងណា។

រុស្ស៊ីបានប្រមូលកងទ័ពបន្ថែមទៀតយ៉ាងច្រើន គឺរហូតដល់ ទៅជាងពីរ សែន នាក់ឯណោះ។ ដូច្នេះ យើងត្រូវតែត្រៀមខ្លួន សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយទៅមុខទៀតជុំវិញបញ្ហានេះ។ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយ ហើយយើងត្រូវបន្ត គាំទ្រ អ៊ុយ ក្រែនគ្រប់ពេលវេលាដែលអ៊ុយក្រែនត្រូវការ»។

កាលពីថ្ងៃអង្គារ ឧត្តមសេនីយ៍ឯកលោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាជាមួយមេបញ្ជាការទ័ពអ៊ុយក្រែនលោកឧត្តមសេនីយ៍ Valerii Zaluzhnyi នៅកន្លែងមួយដែលមិនបានបង្ហាញ ឱ្យដឹងនោះទេ ប៉ុន្តែគេដឹងត្រឹមថា វាស្ថិតនៅភាគអាគ្នេយ៍ ប្រទេស ប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន។ លោក Milley ត្រូវបានគេរំពឹងថានឹងជួយលើកឡើងការព្រួយបារម្ភរបស់លោក Zaluzhnyi ទាំងប៉ុន្មាន ប្រាប់មេដឹកនាំយោធាផ្សេងទៀតនៅ ក្នុងកិច្ច ប្រជុំមេបញ្ជាការយោធា។

កិច្ចប្រជុំរវាងលោក Milley និងលោក Zaluzhnyi ត្រូវបាន រៀប ចំឡើងភ្លាមៗដោយមិនបានគ្រោងទុកមុននោះទេ ពោល គឺចាប់ផ្ដើមរៀបចំភ្លាមៗកាលពីថ្ងៃចន្ទ។

នេះក៏ព្រោះតែមេដឹកនាំអ៊ុយក្រែននឹងមិនអាចចូលរួមកិច្ចប្រជុំរបស់ណាតូដោយផ្ទាល់បានទេ ដោយលោកនឹងចូលរួមតាម រយៈសន្និសីទវីដេអូនៅថ្ងៃព្រហស្បតិ៍នេះវិញ។
លោក Dave Butler អ្នកនាំពាក្យរបស់លោកមេបញ្ជាការទ័ព Milley បានលើកឡើងថា ៖ «លោកប្រធានគ្រោងនឹងរៀបរាប់ ប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំអង្គការណាតូទាំងអស់ អំពី លក្ខខណ្ឌយុទ្ធសាស្ត្រ និងប្រតិបត្តិការនៅលើសមរភូមិ ជា ពិសេសអ្វីដែលយោធាអ៊ុយក្រែនត្រូវការសម្រាប់ធ្វើសង្គ្រាម»។

បន្ថែមលើនេះ លោកឧត្តមនាវីឯក Rob Bauer ដែលជា ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូបានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំមេបញ្ជាការទ័ពកាលពីថ្ងៃពុធថា ៖ «សម្ព័ន្ធមិត្តទាំងអស់ត្រូវតែបន្តផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងសង្គ្រាមនាពេលអនាគត»។ នាយឧត្តមនាវីឯករូបនេះ បានបន្ថែមថា ៖ «សង្រ្គាមបង្ហាញឱ្យយើងឃើញថា អ្នកត្រូវតែ ត្រៀមប្រយុទ្ធនៅលើសមរភូមិនៅថ្ងៃស្អែក អាចប្រយុទ្ធកាល ពីម្សិលមិញ និងបន្តប្រយុទ្ធទៀតនៅថ្ងៃនេះ»។

លោកក៏បានកត់សម្គាល់ផងដែរថា កាលពីមួយឆ្នាំមុន ក្រុមប្រឹក្សា ណាតូនិងរុស្ស៊ី បានបើកកិច្ចប្រជុំចុងក្រោយរបស់ខ្លួន ដែលកាលនោះ ភាគីទាំងពីរអាចអង្គុយតុចរចាជាមួយគ្នាបាន ប៉ុន្តែដោយសារតែរុស្ស៊ីបានធ្វើការឈ្លានពានអ៊ុយក្រែនយ៉ាងឃោរឃៅ បានធ្វើឱ្យពិភពលោកនេះប្រែក្លាយជា កន្លែង ខុសប្លែកពីមុន ពោលគឺជាសមរភូមិប្រយុទ្ធ។

មិនត្រឹមតែប៉ុណ្ណោះ លោកបានឱ្យដឹងផងដែរថា សកម្មភាព របស់ អង្គការណាតូបានឆ្លុះបញ្ចាំងឱ្យយើងឃើញថា ណាតូ អាចបង្កើននិងផ្លាស់ប្តូរវត្តមានយោធារបស់ខ្លួនបានយ៉ាងឆាប់រហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលចាំបាច់ទៅតាម តម្រូវការ។លោកបានបង្ហាញការប្តេជ្ញាចិត្តថា អង្គការសម្ព័ន្ធភាព មួយនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រអ៊ុយក្រែនបន្តទៅមុខទៀត។

លោកឧត្តមនាវីឯករូបនេះក៏បានលើកឡើងផងដែរថា ៖ «លោក ពូទីនបានមើលស្រាលលើទំហំ និងភាពក្លាហាន របស់ ប្រជាជនអ៊ុយក្រែន មើលស្រាលទៅលើកងកម្លាំង ប្រដាប់អាវុធ និងភាពជាអ្នកដឹកនាំ ជាពិសេសបាន មើល ស្រាលការរួបរួម និងសាមគ្គីភាពរបស់យើងជាមួយ អ៊ុយក្រែន» ។ លោកបន្ថែមថា ការជួយគាំទ្រពីសំណាក់អង្គការណាតូទៅកាន់អ៊ុយក្រែននឹងធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានភាពនៅលើសមរភូមិ៕
ដោយ៖ធា សុខណា
https://apnews.com/article/russia-ukraine-nato-politics-mircea-geoana-e178af41a4f93ead9a427484ea06dbaf

ads banner