អតិផរណារបស់អង់គ្លេសធូរស្រាលបន្តិចនៅត្រឹម ១០.៥ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២២
ឡុងដ៍៖ តួលេខផ្លូវការបានបង្ហាញឱ្យដឹងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា អតិផរណារបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះរយៈពេលពីរខែជាប់ៗគ្នាក្នុងខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែវិបត្តិតម្លៃនៃការរស់នៅនៅតែបន្ត ដោយសារអតិផរណាម្ហូបអាហារនៅតែរក្សាកំណត់ត្រាខ្ពស់ដដែល។
ការិយាល័យស្ថិតិជាតិ (ONS) បានបញ្ជាក់ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១០.៥ភាគរយនៅក្នុងខែធ្នូឆ្នាំមុន ដោយធ្លាក់ចុះពី ១០.៧ភាគរយនៅក្នុងខែវិច្ឆិកា និងកម្រិតខ្ពស់បំផុតរយៈពេល ៤១ឆ្នាំ គឺមានចំនួន ១១.១ភាគរយនៅក្នុងខែតុលា។
ការិយាល័យ ONS បន្តថា អត្រាអតិផរណាប្រចាំឆ្នាំសម្រាប់ការដឹកជញ្ជូន គឺ ៦.៩ភាគរយនៅក្នុងខែធ្នូ ធ្លាក់ចុះក្នុងរយៈពេល៦ខែជាប់ៗគ្នា ហើយកត្តាជំរុញសំខាន់នៅពីក្រោយការបន្ធូរបន្ថយនេះ គឺមកពីប្រេងឥន្ធនៈ។
បើតាមលោកស្រី Yael Selfin ប្រធានសេដ្ឋវិទូមួយរូបនៅអង់គ្លេស អត្រាអតិផរណាធ្លាក់ចុះក៏នឹងមកនូវភាពធូរស្រាលដល់ធនាគារអង់គ្លេស ដែលអ្នកបង្កើតគោលនយោបាយអាចមើលឃើញថា នេះជាឱកាសដើម្បីបន្ថយល្បឿននៃការកើនឡើងអត្រាការប្រាក់បន្ថែមទៀត។
លោកស្រីថា ជាមួយនឹងឥទ្ធិពលនៃការកើនឡើងអត្រាការប្រាក់កន្លងមក នៅតែឆ្លងកាត់សេដ្ឋកិច្ចអង់គ្លេស យើងអាចមើលឃើញអត្រាការប្រាក់មូលដ្ឋានខ្ពស់បំផុតនៅ ៤ភាគរយនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា