សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កម្ពុជា ថៃ បានភ្ជាប់ចំណង ការទូតជាមួយគ្នាជាង ៧៣ឆ្នាំមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់
ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភាមានសេចក្តីសោមនស្សរីករាយនិងសូមស្វាគមន៍ អបអរសាទរចំពោះ ឯកឧត្តម ឈើតគៀត អាតថាករ ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
សម្តេចគូសបញ្ជាក់ថា ព្រះរាជាណាចក្រទាំងពីរ បានភ្ជាប់ចំណង ការទូតជាមួយគ្នាជាង ៧៣ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទំាងពីរ ដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរថែម មួយកម្រិតទៀត ។
ឯកឧត្តម ឈើតគៀត អាតថាករ សន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងរវាងរដ្ឋសភាទាំងពីរ ឱ្យកាន់តែរឹងមាំ ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទាំងវិស័យផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមាន។
ដោយឡែកសម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់ និងសកលលោក។ ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ