សម្តេចតេជោ ហ៊ុន សែន៖ កុំរឿងអ្វីក៏ដោយសុទ្ធតែរឿងនយោបាយឱ្យសោះ ដូច្នេះសូមបញ្ចប់បញ្ហានេះទៅ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំរឿងអ្វីក៏ដោយ សុទ្ធតែរឿងនយោបាយឱ្យសោះ ដូច្នេះសូមបញ្ចប់បញ្ហានេះទៅ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលណាម្នាក់មានកំហុសត្រូវជាប់ទោស តែងតែចោទថា ជារឿងនយោបាយ ដូច្នេះសូមបញ្ចប់បញ្ហានេះទៅ កុំរឿងអ្វីក៏ដោយ សុទ្ធតែថាជារឿងនយោបាយឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងអនុប្រធានគណបក្សម្នាក់ (ថាច់ សេដ្ឋា) ដែលបានចេញសែកស្អុយ គឺជារឿងផ្ទាល់ខ្លួន ដែលអ្នកនោះជំពាក់លុយគេ គឺគ្មានអ្វីទាក់ទងនឹងរឿងនយោបាយទាល់តែសោះ ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យមេធាវី សិក្សាទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សមួយ ត្រៀមប្ដឹងឡើងតុលាការបន្ថែមទៀត។ សម្ដេចថា សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថា គណបក្សកាន់អំណាច បានធ្វើការគាបសង្កត់លើគណបក្សប្រឆាំង ដែលគ្មានភស្ភុតាងណាមួយទាល់តែសោះ។
សម្ដេចតេជោ ហ៊ុន សែន បានឃើញសេចក្ដីថ្លែងការណ៍របស់បក្សភ្លើងទៀនហើយ ដែលមានចរិតចោទប្រកាន់មកបក្សកាន់អំណាច នឹងប្រាប់ឲ្យពួកគេបង្ហាញភស្ភុតាងពីការគំរាមកំហែងផងដែរ។
សម្ដេចថា៖ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ខ្ញុំមិនឱ្យអ្នកឯងមកប្រមាថគណបក្សរបស់ខ្ញុំទេ។ សម្ដេចបានផ្ដាំថា វប្បធម៌សុំទោស គួរតែលុបបំបាត់ហើយ ខណៈពីថ្ងៃនេះ ទៅ សម្ដេចមិនលើកលែង និងមិនអត់ឱននោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ថា៖ ពីថ្ងៃនេះទៅមិនលើកលែងមិនអត់ឱន តាំងពីក្រោមដល់លើ បើត្រូវវាយខ្នោះ គឺវាយខ្នោះភ្លាម មិនត្រូវរញ៉េរញ៉ៃ។ ឯងសមនឹងគុកអញប្រាប់អ្ហែង។ ត្រីនៅក្នុងកន្ត្រកអញចាប់ឯងចាក់កស៊ីវេលាក៏បានដែរ ។
សម្ដេចថា ប្រតិកម្មរបស់សម្ដេចពេលនេះ គឺចេញមកពីសម្ដីរបស់ក្រុមប្រឆាំង ដែលប្រមាទ និងវាយប្រហារបក្សប្រជាជនទើបធ្វើឱ្យសម្ដេចនិយាយបែបនេះ។ សម្ដេចបន្តថា៖ បើអ្នកឯងមិននិយាយប៉ះគេតើគេទៅធ្វើឯណា ៕ ដោយ វណ្ណលុក