កាណាដា ប្រកាសផ្តល់ជំនួយរថពាសដែក ២០០គ្រឿងបន្ថែម ដល់អ៊ុយក្រែន
អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណន់ បានប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកស្រីនឹងបរិច្ចាគរថពាសដែកចំនួន ២០០គ្រឿងដល់អ៊ុយក្រែន សម្រាប់កញ្ចប់ជំនួយយោធាថ្មីមួយ។
លោកស្រី អាណាន់ បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងកៀវ ហើយរថពាសដែកទាំងនេះត្រូវបានទិញពី Roshel ដែលជាក្រុមហ៊ុនកាណាដាមានមូលដ្ឋាននៅរដ្ឋ Ontario មានតម្លៃជាង ៩០លានដុល្លារកាណាដា ឬប្រមាណ ៧២លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងការពារជាតិកាណាដា។
ជំនួយយោធារបស់កាណាដា ដែលបានប្តេជ្ញាចិត្តផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសកម្រិតខ្ពស់ ជាមួយនឹងអាវុធដែលពាក់ព័ន្ធ, រថពាសដែកប្រយុទ្ធ ៣៩គ្រឿង, អាវុធប្រឆាំងរថក្រោះ, ប្រព័ន្ធកាំភ្លើងធំ M777 Howitzers និងគ្រាប់រំសេវជាដើម។
ប្រភពបានឱ្យដឹងទៀតថា បុគ្គលិកកងកម្លាំងប្រដាប់អាវុធកាណាដាប្រហែល ២៣០នាក់ បច្ចុប្បន្នត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការ UNIFIER ដែលជាបេសកកម្មហ្វឹកហ្វឺនរបស់កាណាដាសម្រាប់បុគ្គលិកអ៊ុយក្រែន ដែលបានបណ្តុះបណ្តាលកងកម្លាំងសន្តិសុខអ៊ុយក្រែនជាង ៣៥,០០០នាក់ ចាប់តាំងពីបើកដំណើរការកាលពីឆ្នាំ ២០១៥៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា