រដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភលើកទី៨៨ ដល់កម្មករ និយោជិត ក្នុងវិស័យទេសចរណ៍ជាង ៨០០នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រកាស ផ្តល់ប្រាក់ឧបត្ថម្ភលើកទី៨៨ ជូនដល់កម្មករនិយោជិតក្នុង វិស័យ ទេសចរណ៍ជាង៨០០នាក់ ដែលត្រូវបានព្យួរកិច្ចសន្យា ការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ១៨ ខែមករា បានឱ្យដឹងថា ការ ផ្តល់ជូនសាច់ប្រាក់ ឧបត្ថម្ភលើកទី៨៨ នេះ មានកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ចំនួន ៨៦៦នាក់នៃសហគ្រាសទាំង ១២ នៃវិស័យទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី ៣ នៃកញ្ចប់វិធានការរបស់រាជ រដ្ឋាភិបាល។

សេចក្តីជូនដំណឹងបន្តថា ធនាគារឯកទេសវីងនឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលកម្មករបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និង អាស្រ័យ លើ ចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះកម្មករ និយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ១២១ ៥០០ រៀល ( ៣០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈ ពេល ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និងទទួលបាន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈ ពេលចាប់ពី ២១ ថ្ងៃ ដល់មួយខែ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី មានប្រសាសន៍ថា ការបន្តផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យទេសចរណ៍នាពេលនេះ គឺជាការ លើក ទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយ សម្រួល ដល់ការបើកដំណើរការឡើងវិញ។

លោកបន្តថា ទោះបីវិស័យនេះហាក់បីងើបឡើងវិញបន្តិចមែន ប៉ុន្តែនៅតែ ជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដដែល។ លោកថា៖« នេះជាការ លើកទឹកចិត្តទៅដល់ពួកគាត់ពីព្រោះ ការបើកដំណើរការ ឡើងវិញ មិនទាន់មានផលចំណេញនៅឡើយទេក្នុងវិស័យនេះ យើងឃើញហើយវិស័យនេះបានលិចលង់ជាងពីរឆ្នាំ។ ដូច្នេះ ការ ស្រោចស្រង់នៅក្នុងវិស័យនេះឡើងវិញ ត្រូវប្រើពេលវេលា បន្តទៀត»។

លោកបន្ថែមថា ប្រសិនបើករណីកូវីដ ១៩ មិនបន្តឆ្លងរាល ដាលនៅលើពិភពលោក មិនមានដាក់រនាំងការឆ្លងដែន មិនបង្អាក់នូវសេវាកម្មផ្សេង ឬមិនមានគ្រោះធម្មជាតិទេនោះ វិស័យទេសចរណ៍នឹងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញនៅឆ្នាំ ២០២៤ ឬ២០២៥ ខាងមុខនេះ។

ក្រសួងការងារ រំឭកថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភ នេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ ភ្នាក់ងារ វីងដែលនៅជិតបំផុតហើយមិនតម្រូវឱ្យ បង់ថ្លៃសេវា ទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅ សហគ្រាសទាំង ១២ នេះ មិនបានទទួលសារទូរសព្ទ ពី ធនាគារវីង សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាស របស់ខ្លួន៕
ឡាយ សាមាន

ads banner