ក្រុមហ៊ុនជប៉ុន បានចុះមកសិក្សាគម្រោងដើម្បីវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម “ផ្លែឈើ” ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនមួយរបស់ជប៉ុនដែលមានគោលបំណង ក្នុងការសិក្សា និងចង់ស្វែងយល់បន្ថែមទៀត មុនការបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម”ផ្លែឈើ”ខ្នាតតូចនៅក្នុងខេត្តបាត់ដំបង។ នេះគឺជាការគូសបញ្ជាក់ប្រាប់ទៅកាន់ភ្ញៀវជប៉ុន ដែលមកពីខេត្តអិហ៊ិម៉ិ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលតំណាងក្រុមហ៊ុនបានចូលជួបពិភាក្សាការងារពីគោលបំណង និងជំហានចាប់ផ្តើមក្នុងការសិក្សាគម្រោង របស់ខ្លួន មុនឈានទៅបោះទុនវិនិយោគលើវិស័យការកែច្នៃផ្លែឈើ នៅក្នុងខេត្តបាត់ដំបង។
លោក មីនិអុ ស៊ីនដូ (Mineo Shindo)ប្រធានក្រុមហ៊ុនមកពីខេត្តអេហិម៉ិ បានបញ្ជាក់ថា៖ ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្ដអិហិម៉ិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ។ ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តអិហិមិ បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន Shindo ដើម្បីប្រើប្រាស់ផ្លែឈើក្នុងតំបន់ នៅកម្ពុជា ហើយជឿជាក់ថា វានឹងនាំមកនូវផលប្រយោជន៍ និងនិរន្តរភាពលើអាជីវកម្ម ក៏ដូចជាការផ្លាស់ប្តូរទៅវិញទៅមកក្នុងវិស័យ ធនធានមនុស្ស រវាងខេត្តបាត់ដំបងនិងខេត្តអិហិមិ។
ឯកឧត្តម សុខ លូ បានថ្លែងថា៖ កន្លងមកមានក្រុមហ៊ុនជប៉ុន បានមកវិនិយោគទុនខ្នាតតូចនៅក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង ដើម្បីផលិតនាំចេញទៅក្រៅប្រទេសដូចជា៖ ការផលិតស្រា ច្នៃពីដំឡូងមី, ផលិតផ្លែឈើ “សម្ងួតវេចខ្ចប់”, ផលិតកែច្នៃក្រដាសជាដើម ។
ឯកឧត្តមបានកោតសរសើរដល់ក្រុមហ៊ុន ដែលបានជ្រើសយកខេត្តបាត់ដំបង ជាគោលដៅសិក្សាដើម្បីឈានដល់ការបោះទុនវិនិយោគខ្នាតតូចក្នុងការផលិតកែច្នៃផ្លែឈើនៅក្នុងខេត្តបាត់ដំបង ដែលជាផ្នែកមួយក្នុងការជួយគាំទ្រដល់ប្រជាកសិករ ដែលកន្លងមកក្នុងរដូវកាលប្រមូលកសិផល-ទិន្នផលផ្លែឈើ មានការកកស្ទះអត់ទីផ្សារប្រមូលទិញ និង លក់មិនចេញជាដើម ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )