អភិបាលខេត្តបាត់ដំបង អរគុណអង្គការមូលនិធិកូរ៉េសម្រាប់ថែទាំសុខភាពអន្តរជាតិ (KOFIH )ដែលបានផ្តល់នូវសមិទ្ធផលថ្មីមានតម្លៃជាង ៥ម៉ឺនដុល្លារ ជាអំណោយមនុស្សធម៌ គាំទ្រដល់វិស័យសុខាភិបាលក្នុងខេត្ត
ខេត្តបាត់ដំបង ៖ ក្នុងឱកាសសម្ពោធនូវសមិទ្ធផលនានាដែលមន្ទីរសុខាភិបាល ទទួលបានជំនួយពីអង្គការ KOFIH ដែលទើបតែសាងសង់រួចរាល់រួមមាន៖ អគាររង់ចាំមុន និងក្រោយសម្រាល តម្លៃជិត ០៣ម៉ឺនដុល្លារ និងអគារលើកកម្ពស់សុខភាព តម្លៃ ២៥ពាន់១០៥ ដុល្លារអាមេរិក ស្ថិតនៅក្នុងមណ្ឌលសុខភាព ឃុំតាគ្រាម ស្រុកបាណន់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងនូវអំណរគុណយ៉ាងខ្លាំងចំពោះអង្គការមូលនិធិកូរ៉េសម្រាប់ថែទាំសុខភាពអន្តរជាតិ (KOFIH )ជាពិសេសចំពោះ លោក គីម ឆាំងយុប ប្រធានអង្គការKOFIH ដែលបានផ្តល់នូវសមិទ្ធផលថ្មីមានតម្លៃជាង ៥ម៉ឺនដុល្លារ ដែលជាអំណោយមនុស្សធម៌ គាំទ្រដល់វិស័យសុខាភិបាល ក្នុងការជួយគាំពារ និងលើកម្ពស់សុខុមាលភាពមាតានិងទារក តាមរយៈការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារក្នុងការបម្រើនិងផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ជាពិសេស បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានប័ណ្ណសមធម៌ ត្រូវខិតខំជួយសម្រួលដល់ពួកគាត់ដែលមកទទួលសេវាពិនិត្យព្យាបាល។
ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ទៀតថា៖ទាំងមន្ត្រីរាជការ ទាំងគ្រូពេទ្យ សូមបងប្អូនចាត់ទុកពួកគាត់ គឺជាអ្នកបម្រើសេវាជូនបងប្អូន រាល់តម្រូវការ ដែលបងប្អូន ត្រូវការពឹងពាក់ចាំបាច់ពីពួកគាត់ទាំងនោះ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )