ចូលឆ្នាំចិន ឆ្នាំនេះផ្កាពណ៌លឿង និងក្រហម លក់ដាច់ខ្លាំង ដោយសារជំនឿទៅលើឆ្នាំទន្សាយ
ភ្នំពេញ៖ ខណៈពេលថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិនកាន់តែខិតចូលមកដល់ គេឃើញនៅតាមដងវិថីនានាទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនកំពុងដាក់លក់ជាហូរហែនូវ ផ្កាអង្គារសីល ផ្កាស្បៃរឿង ផ្កាសេមាន់ ផ្លែម្នាស់ ផ្លែក្រូចឃ្វិច និងប្រភេទផ្កាផ្សេងៗទៀតដែលមើលទៅព៌ណលឿងនិងក្រហមស្រាលគួរជាទីទាក់ទាញ។
នៅកន្លែងលក់ផ្កានីមួយៗចាប់ផ្តើមមានសកម្មភាពលក់ដូរ នូវប្រភេទផ្កា ស្បែរឿងដើមផ្កាអង្គារសីល និងប្រភេទផ្កាដទៃទៀត កាន់តែមមាញឹក ។ អតិថិជនខ្លះបានទិញដាក់រថយន្ត ម៉ូតូកង់បី និងខ្លះទៀតដាក់តាមម៉ូតូ ទៅតាមធនធាន និងមធ្យោបាយរបស់គេរៀងៗខ្លួន។
ដូចសព្វមួយដងតាមរយៈការម្នីម្នាដើម្បីរកទិញផ្កា និងរុក្ខជាតិមួយចំនួនសម្រាប់ដាក់តាំងលម្អរ លំនៅដ្ឋាន ហាង និងក្រុមហ៊ុនរបស់បងប្អូនសែស្រឡាយចិននេះដែរ គឺធ្វើឡើងតាមជំនឿ និងភាពជឿជាក់របស់ពួកគេរៀងៗខ្លួនដើម្បីទទួលឆ្នាំថ្មីដែលនឹងឈានមកដល់។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២២,២៣និង២៤ មករា ឆ្នាំ២០២៣។សម្រាប់ថ្ងៃទី ២១ គឺជាថ្ងៃសែនជីដូនជីតា។
ទាក់ទិននឹងការលក់ផ្កានារដូវចូលឆ្នាំប្រពៃណីចិននេះ កញ្ញា ឯម ម៉ី ដែលកំពុងលក់ផ្កា នៅតាមផ្លូវសហព័ន្ធរ៉ុស្ស៊ី ក្បែរផ្សារទឹកថ្លា ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញបានឱ្យដឹងថា៖”ឆ្នាំនេះផ្កាពណ៌លឿង និងក្រហមលក់ដាច់ខ្លាំងដោយសារតែគេយកទៅតាំងលម្អរផ្ទះ សម្រាប់ផ្កាសអង្គារស៊ីលក៏លក់អស់ដែរ”។
ស្រ្តីអ្នកលក់ផ្ការូបនេះបានប្រាប់ទៀតថា” ក្នុងមួយរដូវចូលឆ្នាំចិនខ្ញុំយកផ្កាច្រើនប្រភេទដូចជាស្បៃរឿង អង្គារស៊ីល សេមាន់ ក្រូច ចំនួនចាប់ពីជាង១ពាន់ដល់២ពាន់ដើម ។ ឆ្នាំនេះលក់អស់ៗពុំសល់ទេ”។ ចំណែកអ្នកលក់ផ្កាសម្រាប់រដូវចូលឆ្នាំចិនមួយរូបទៀតលើដងផ្លូវសហព័ន្ធរ៉ុស្ស៊ីនេះដែរឈ្មោះ ហុន ហៀង បានប្រាប់ឱ្យដឹងថា៖ក្នុងឆ្នាំនេះពួកគាត់លក់ផ្កាដាច់គួរសម ផ្កាយកមកប៉ុន្មានត្រូវបានអតិថិជនចូលមកទិញស្ទើរអស់ៗធ្វើឱ្យរូបគាត់សប្បាយចិត្តណាស់។
ស្រ្តីរូបនេះបានប្រាប់ដែរថា៖សម្រាប់ឆ្នាំនេះផ្កា ពណលឿង និងក្រហមពួកគាត់លក់ដាច់ខ្លាំង ហើយក្នុងមួយរដូវចូលឆ្នាំចិននេះគាត់លក់មិនទាបជាង២ពាន់ផើងឡើយ។
ដោយឡែកស្រ្តីឈ្មោះ ចាន់ ស្រីអូន ដែលបានមកទិញផ្កាតាមផ្លូវសហព័ន្ធរ៉ុស្សីមួយរូបបានរៀបរាប់ប្រាប់ថា៖ក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមនេះគាត់មកទិញផ្កាដាក់ផ្ទះដើម្បីឱ្យមានសិរីសួរស្តី ហើយគាត់តែងមកទិញរៀងរាល់ឆ្នាំសម្រាប់ទទួលទេវតាឆ្នាំថ្មី និងក៏ដូចជាទទួលពរជ័យពីទេវតាឆ្នាំថ្មីដែរ ៕
ដោយ ៖ ម៉ាដេប៉ូ