មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា៖ ប្រព័ន្ធធនាគារកម្ពុជា រក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ
ភ្នំពេញ៖ ប្រព័ន្ធធនាគារកម្ពុជា រក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៣២០នាក់ ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ប្រព័ន្ធធនាគារកម្ពុជា រក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ។ អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាក្នុងកម្រិតទាប ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់ការផ្តល់ឥណទាន និងគ្រប់គ្រងសន្ទនីយភាព ។ លើសពីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទ្រនាប់ដើមទុនខនស៊ើវេសិនទាំងស្រុង សម្រាប់ធ្វើសំវិធានធនលើឥណទានរៀបចំឡើងវិញ ។
ឯកឧត្តម បានបន្តថា ដោយសារសេដ្ឋកិច្ចកម្ពុជាបានងើបឡើងជាលំដាប់ បទប្បញ្ញត្តិម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នដែលបានបន្ធូរបន្ថយចាប់តាំងពីឆ្នាំ២០២០មក ត្រូវបានពង្រឹងឡើងវិញស្របតាមស្ថានភាពទីផ្សារ ។ ការរៀបចំឥណទានឡើងវិញបានជួយជ្រោងដំណើរការ ក៏ដូចជាការរស់រានរបស់អាជីវកម្ម និងសម្រួលដល់ការលំបាករបស់ប្រជាជនក្នុងការសងប្រាក់ នៅពេលដែលប្រាក់ចំណូលធ្លាក់ចុះ ។ ការបន្តរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតត្រឹមពាក់កណ្តាលឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចបានងើបឡើងជាលំដាប់ ស្របពេលដែលទំហំទឹកប្រាក់នៃការរៀបចំឥណទានឡើងវិញ បានថយចុះយ៉ាងឆាប់រហ័សពី ១២,៧% មក ៦% នៃសំពៀតឥណទានសរុប ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញសម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលការរៀបចំឥណទាននេះ ជារួមមានកម្រិតតិចតួចប៉ុណ្ណោះ ។ ការបញ្ចប់កម្មវិធីរៀបចំឥណទានឡើងវិញគឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិ ដែលត្រូវបានអនុវត្តឡើងស្របតាមស្ថានភាពជាក់ស្តែង ។ ហេតុដូច្នេះ ការត្រួតពិនិត្យប្រព័ន្ធធនាគារត្រូវបានបន្តពង្រឹងជាប្រចាំ ផ្អែកលើហានិភ័យនិងទស្សនៈអនាគត ស្របតាមស្តង់ដារអន្តរជាតិ ទន្ទឹមនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។
ឯកឧត្តមទេសាភិបាល បានរំលេចថា ការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលជាប្រភពទុនមួយផ្នែកនៃប្រព័ន្ធធនាគារកម្ពុជា ក៏បានបណ្តាលឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងបន្តិចបន្តួចផងដែរ ។ កន្លងមក កម្រិតខ្ពស់នៃសន្ទនីយភាពបានជួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគ្រប់គ្រងសម្ពាធនៃការកើនឡើងអត្រាការប្រាក់ ក៏ប៉ុន្តែប្រសិនបើអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើងបន្ថែមទៀត នោះក៏អាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងដែរ ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ទៀតថា ជាមួយនឹងការគាំទ្រកំណើនឥណទានដល់វិស័យឯកជន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនក៏ជាការងារអាទិភាព ដើម្បីពង្រឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ពីវិស័យហិរញ្ញវត្ថុជាអតិបរមាក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ បរិយាបន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដែលឆ្លុះបញ្ចាំងដោយកំណើនអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានកាន់តែសម្បូរបែប និងគ្រប់ទីកន្លែង ។
យោងតាមរបាយការណ៍របស់មូលនិធិ UNCDF ឆ្នាំ២០២១ បរិយាបន្នហិរញ្ញវត្ថុកម្ពុជានៅមានកម្រិតមធ្យម ដោយ ៦៧% នៃប្រជាជនពេញវ័យកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ខណៈដែលអត្រាប្រជាជនកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមានប្រមាណ ៣% ថយចុះពី ១២% ធៀបនឹងឆ្នាំ២០១៥ ៕ ដោយ វ៉េង លីមហួត