ប្រព័ន្ធទូទាត់កម្ពុជា ពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកមុខមាត់ប្រព័ន្ធទូទាត់កម្ពុជា នៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ប្រព័ន្ធទូទាត់កម្ពុជា ពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកមុខមាត់ប្រព័ន្ធទូទាត់កម្ពុជា នៅលើឆាកអន្តរជាតិ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៣២០នាក់ ។
ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរ តាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់ ។ ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់ នៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។
ឯកឧត្តម ទេសាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់ នៃប្រព័ន្ធទូទាត់កម្ពុជា នៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ ស្របពេលដែល គណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ លានគណនី ។ លើសពីនេះ ការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស ។
ឯកឧត្តម បន្តថា កន្លងមក ធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ។ អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញយ៉ាងជាក់ស្បាន់ ក្នុងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានា តាមប្រព័ន្ធអនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត និងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ បានភ្លាមៗនិងមានតម្លាភាព ។
ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ លើការការពារហានិភ័យពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Cybercrime) តាមរយៈការតាមដានជាប្រចាំលើដំណើរការប្រព័ន្ធទូទាត់ ការពង្រឹងបទប្បញ្ញតិ្តពាក់ព័ន្ធ និងការត្រួតពិនិត្យគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ៕ ដោយ វ៉េង លីមហួត