កយកា អនុម័តថវិកាបីលានដុល្លារ បន្តអភិវឌ្ឍន៍គម្រោង អភិរក្ស សារមន្ទីរទួលស្លែងជំហានទី២
ភ្នំពេញ៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា (KOICA) ប្រចាំប្រទេសកម្ពុជាបានសម្រេចអនុម័តថវិកា បីលាន ដុល្លារអាមេរិក ដើម្បីបន្តអភិវឌ្ឍន៍គម្រោងអភិរក្ស បណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ រយៈពេលប្រាំឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោង តាមកិច្ចប្រជុំបូកសរុបរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កយកា និង យូណេស្កូ(UNESCO)។
យោងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធខាងលើ គឺបាន សិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណង ពី រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈភ្នាក់ងារកយកា នាពេល កន្លងមក។
ក្នុងជំនួបនោះលោកស្រី Song Yungjun តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំប្រទេសកម្ពុជា បានឱ្យ ដឹងដែរថា លទ្ធផលនៃការសិក្សាលទ្ធភាព គឺកយកា បាន សម្រេចចិត្តអភិវឌ្ឍគម្រោងនេះចំនួនបីលានដុល្លារអាមេរិកទៀត សម្រាប់រយៈពេលប្រាំឆ្នាំ ដោយនឹងចាប់ផ្តើមពីឆ្នាំ ២០២៤ ខាងមុខនេះ។ លោកស្រីថា ថវិកាជំនួយដែលបានអនុម័ត សម្រាប់ ជំហានទី២ នេះ គឺមានចំនួនច្រើនជាងជំហានទី១ ចំនួន មួយលានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើន ជាងមុនចំនួនមួយឆ្នាំផងដែរ។
តំណាងកយកា ប្រចាំប្រទេសកម្ពុជា បានលើកឡើងទៀតថា កម្ពុជាតែងតែជាប្រទេសដៃគូអាទិភាពរបស់ កយកា ក្នុង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ កយកាបានជួយដល់កម្មវិធី និងគម្រោងផ្សេងៗ ដែលមិនត្រឹមតែមានឥទ្ធិពលយ៉ាងខ្លាំង លើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
លោកស្រី Song Yungjun បានបញ្ជាក់ដូច្នេះថា ៖ «ក្នុងនាម ជាទីភ្នាក់ងារអនុវត្តជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ កយកា មានមោទនភាពដែលបានក្លាយជាដៃគូ និងជាមិត្តដ៏ ល្អរបស់កម្ពុជា និងប្រជាជនកម្ពុជា។ យើងនឹងបន្តធ្វើការងារ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំង សហវិបុលភាពទៅវិញទៅមកនៃប្រទេសទាំងពីរ»។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងដែរថា គម្រោង អភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២នេះ ដែលកយកាអនុម័តថវិកាបីលានដុល្លារនេះ គឺនឹងផ្ដោតបន្ត លើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយកា បានផ្តល់ថវិកាសម្រាប់អនុវត្ត “គម្រោងអភិរក្សនិង បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងប្រព័ន្ធកុំព្យូទ័រ” បានអនុវត្តចាប់ពីឆ្នាំ២០១៨មក។
ជាងនេះទៀត កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កយកា ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការ យូណេស្កូ ភ្នំពេញ ក៏បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណ សារ សារមន្ទីរទួលស្លែងជំហានទី១ ប្រកបដោយជោគជ័យថែម ទៀត។
តាមរយៈគម្រោងនេះបណ្ណសារសរុបចំនួន ៤០៥ ៧៨២ទំព័រ ត្រូវបានធ្វើឌីជីថល ខណៈ ៧៤៥ ៤៩៤ទំព័រទៀត ត្រូវបាន រក្សាទុកតាមរយៈគម្រោងរួមមាន៖ ការបោះពុម្ពរូបថត ហ្វីល ចម្លើយសារភាព ជីវប្រវត្តិ បញ្ជី សៀវភៅបដិវត្ត ទស្សនាវដ្តី សៀវភៅសរសេរដោយដៃរបស់ខ្មែរក្រហម និងឯកសារផ្សេង ទៀត។
តាមរយៈការសម្រេចអនុម័តផ្តល់ថវិកាបីលានដុល្លារ បន្ត អនុវត្ត គម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២នាពេលនេះ ភាគីពាក់ព័ន្ធរំពឹងថា នឹងជួយពង្រឹងការថែរក្សា បណ្ណសារ សារមន្ទីរទួលស្លែង និងពង្រីកការផ្សព្វផ្សាយឱ្យ កាន់តែទូលាយ តាមរយៈការអភិរក្ស និងជួសជុលឯកសារ ចាស់ៗឱ្យបានគង់វង្សតាមស្តង់ដារសុវត្ថិភាពខ្ពស់ ដើម្បី ទុកសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយថែមទៀត៕
ដោយៈសែម ពិសី